ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅខេត្ដសៀមរាប សប្បាយរីករាយ អនុមោទនា ក្នុងពិធីបុណ្យ មាឃបូជា

សៀមរាប៖ ព្រះសង្ឃនិងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សជាច្រើនកុះករ នៅស្រុកអង្គរធំ ខេត្ដសៀមរាប បានចូលរួមពិធីបុណ្យមាឃបូជា ដើម្បីរំលឹកដល់ថ្ងៃដែល ព្រះសម្មា សម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយដល់យុវជនឲ្យបានស្គាល់ កាន់តែច្បាស់ ពីតម្លៃរបស់ព្រះសម្មាសម្ពុទ្ធ។ នៅក្នុងពិធីបុណ្យមាឃបូជានេះ បានប្រារព្ធ ឡើងនៅវត្ដវិសុទ្ធិមគ្គ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤។

ព្រះតេជគុណ សាន្ដ សប្បាយ ចៅអធិការវត្ដវត្ដវិសុទ្ធិមគ្គ ព្រះអង្គមានសង្ឃដីកាថា ពិធីបុណ្យមាឃបូជានាឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមច្រើន បើធៀបនឹងឆ្នាំមុនៗ ដោយពួកគាត់បានសម្ដែងការសប្បាយរីកយ ទទួលយកមគ្គផលតាមការយល់ឃើញរបស់ពួកគាត់ ជាពិសេសពុទ្ធបរិស័ទដែលមានវ័យចាស់ៗ។

ព្រះអង្គ ក៍បានសម្ដែងការរីករាយ ដោយបានឃើញប្រជាពលរដ្ឋពុទ្ធបរិស័ទ និងយុវជន បានយល់ដឹងច្រើនពីពិធីបុណ្យមាឃបូជានេះ។ ពិធីបុណ្យនេះ គឺជាពិធីបុណ្យជាតិមួយដ៍សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមវត្ដអារាម។ ការប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្ដវិសុទ្ធិមគ្គនេះ ក៍មានពុទ្ធបរិស័ទតាំងស្មាធិរំងាប់អារម្មណ៍នៅក្នុងវត្ដផងដែរ។

ព្រះអង្គ មានថេរដីកាបញ្ជាក់ទៀតថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រកាន់ខ្ជាប់នូវការបញ្ជ្រាបការល់ដឹងដល់មនុស្សគ្រប់រូបឱ្យធ្វើអំពើល្អ។

ដោយឡែក ពុទ្ធបរិស័ទដែលចូលរួមពិធីបុណ្យមាឃបូជានេះ ឱ្យដឹងផងដែរថា ពួកគាត់បានប្ដេជ្ញាចូលរួមថែរក្សាវប្បធម៌ព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើននិងគង់វង្សជាអមតៈ ព្រោះព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។ ជាមួយគ្នានោះ ពួកគាត់ក៍បានគាំទ្រក្នុងការលើកបដាពាក្យស្លោកនៃពិធីបុណ្យមាឃបូជា ពិសាខបូរជាឬបុណ្យផ្សេងៗរបស់ព្រះពុទ្ធសាសនា ដើម្បីបង្ហាញដល់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិឱ្យបានយល់ដឹងកាន់តែច្បាស់ពីវិស័យព្រះពុទ្ធសាសនាផងដែរ។

ពិធិបុណ្យមាឃបូជានេះ ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដើម្បីរំលឹកនឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី ៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់៕

ដោយ ស៊ាន សុផាត

ads banner