សម្ដេចធីបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍មួយចំនួនដល់ស្ថាប័នពាក់ព័ន្ធ និងកីឡាករ កីឡាការីនី ដើម្បីយកទៅអនុវត្ត ឱ្យកាន់តែរីកចម្រើន និងទទួលបានជ័យជំនះ យ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៤ចំណុចដល់ស្ថាប័នពាក់ព័ន្ធ និងកីឡាករ កីឡាការីនី ដើម្បីយកទៅអនុវត្ត ឱ្យកាន់តែរីកចម្រើន និងទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ ។

អនុសាសន៍បន្ថែមទាំង ៤ចំណុច របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖

ទី១- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយសហព័ន្ធកីឡាជាតិ រៀបចំយន្តការគាំទ្រ បណ្ដុះបណ្ដាល លើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់រូប ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់លើកស្ទួយកីឡាជាតិនៅក្នុងតំបន់ និងសកលលោក ។

ទី២- ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ សម្រិតសម្រាំង និងបណ្ដុះបណ្ដាលធនធានយុវជនដែលមានទេពកោសល្យក្នុងផ្នែកកីឡា ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពកីឡា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិនាពេលអនាគត ។

ទី៣- សម្ដេច សូមលើកទឹកចិត្តដល់គ្រូបង្វឹក បងប្អូនកីឡាករ កីឡាការិនីទាំងអស់ ខិតខំហ្វឹកហាត់កីឡាតាមជំនាញរបស់ខ្លួនជាប្រចាំឱ្យបានជាប់ ពីព្រោះការកសាងសមត្ថភាពកីឡាត្រូវការរយៈពេលយូរ និងត្រូវត្រៀមខ្លួនជាស្រេចទុកជាមុន ក្នុងការចូលរួមប្រកួតប្រជែងនានាទាំងកម្រិតជាតិ និងតំបន់ ។

ទី៤- គណៈកម្មធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនកិច្ចសហការណ៍ទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី, គណៈកម្មការជាតិអូឡាំពិកនៃប្រទេសសមាជិក, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍កម្រិតបច្ចេកទេសកីឡាករ កីឡាការិនីកម្ពុជាឲ្យបានដល់កម្រិតខ្ពស់ ដែលអាចធ្វើទៅបាន ដើម្បីឲ្យកីឡាករ កីឡាការីនីកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពកាន់តែល្អប្រសើរ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា នៅថ្ងៃអនាគត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner