បើកកិច្ចប្រជុំពាណិជ្ជកម្មពិភពលោកជាមួយនឹងក្តីរំពឹងតិចតួច

បណ្តារដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ពិភពលោក នៅថ្ងៃចន្ទនេះ បានប្រមូលផ្តុំគ្នា នៅប្រទេសអាមីរ៉ាត់ អារ៉ាប់រួម សម្រាប់កិច្ចប្រជុំជាក់ខ្ពស់របស់អង្គការពាណិជ្ជកម្មពិភពលោក ហៅហាត់ WTO។ ប៉ុន្តែ នេះទំនងជាកិច្ចប្រជុំដោយមិនមានការរំពឹងទុកច្បាស់លាស់ សម្រាប់ដំណោះស្រាយរួមទេ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការខ្វែងគំនិតគ្នាលើបញ្ហាពាណិជ្ជកម្ម។

នេះគឺជាសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១៣ របស់អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា MC13 ដែលគ្រោងនឹងដំណើរការរហូតដល់ថ្ងៃព្រហស្បតិ៍ នៅរដ្ឋធានី Abu Dhabi។

WTO សង្ឃឹមថា នឹងមានការរីកចម្រើនខ្លះៗ ជាពិសេស លើការនេសាទ កសិកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក។
យ៉ាងណាមិញ កិច្ចព្រមព្រៀងធំដុំ ទំនងជាមិនកើតមានទេ ដោយសារតែច្បាប់របស់ស្ថាប័នមួយនេះ ទាមទារឲ្យមានការឯកភាពពេញលេញ ក្នុងចំណោមរដ្ឋសមាជិកទាំង ១៦៤ ទាក់ទិននឹងបញ្ហាអាកាសធាតុ ជាចម្បង។

លោក Marcelo Olarreaga សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យហ្សឺណែវ បាននិយាយថា លោកមិនមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងដ៏សំខាន់ នឹងត្រូវបានប្រកាសចេញនោះទេ។

ជាការកត់សម្គាល់ ប្រទេស និងតំបន់ជាង ១២០ រួមទាំងប្រទេសចិន និងសហភាពអឺរ៉ុប ប៉ុន្តែ មិនមែន សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសថ្នាក់រដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃចន្ទ ដោយកត់សម្គាល់ការសម្រេចចុងក្រោយនៃកិច្ចព្រមព្រៀងមួយក្នុងគោលបំណងសម្របសម្រួលការវិនិយោគអន្តរជាតិ ក្នុងការអភិវឌ្ឍន៍៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner