អ្នកនាំពាក្យក្រសួងការបរទេស ឆ្លើយតបទៅនឹងការសាកសួររបស់អ្នកយកព័ត៌មានអំពីការអនុវត្តសិទ្ធិសម្តែងមតិរបស់ពលរដ្ឋខ្មែរមួយចំនួនក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើការបំភ្លឺឆ្លើយតបទៅនឹងការសាកសួររបស់អ្នកយកព័ត៌មានអំពី ការអនុវត្តសិទ្ធិសម្តែងមតិរបស់ពលរដ្ឋខ្មែរមួយចំនួន ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី។

ជាការឆ្លើយតបទៅនឹងការសាកសួររបស់អ្នកយកព័ត៌មាន អំពីការអនុវត្តសិទ្ធិសម្តែងមតិរបស់ពលរដ្ឋខ្មែរមួយចំនួន ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី ជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការឆ្លើយបំភ្លឺ ដូចខាងក្រោមនេះ៖

ជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិនៃការសម្តែងមតិត្រូវស្ថិតក្នុងក្របខ័ណ្ឌនីតិរដ្ឋ។ កន្លងមកមានការអធិប្បាយ និងបកស្រាយជាច្រើនអំពីសិទ្ធិសម្តែងមតិក្នុងឱកាសដំណើរទស្សនកិច្ច ផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅប្រទេសម៉ាឡេស៊ី តែពុំមានការនិយាយអំពីច្បាប់ និងគោលការណ៍នានាឡើយ។

ឯកឧត្តមពុំមានអ្វីជំទាស់នឹងសិទ្ធិនៃការសម្តែងមតិនោះឡើយ តែសូមធ្វើការចាប់អារម្មណ៍លើតម្រូវការនៃការគោរពច្បាប់ និងគោលការណ៍មួយចំនួនដូចខាងក្រោម ដើម្បីជាការបំពេញអោយផ្នែកដែលខ្វះ ចន្លោះក្នុងការលើកខាងលើនេះ៖
១. “ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន” គឺជាគោលការណ៍មួយ ក្នុងចំណោមគោលការណ៍នានា ដែលមានចែងក្នុងជំពូក១ មាត្រា២ នៃធម្មនុញ្ញអាស៊ាន។ កម្ពុជា និងម៉ាឡេស៊ី មិនត្រឹមតែមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប៉ុណ្ណោះទេ តែក៏ជាប្រទេសសមាជិកអាស៊ានដែលត្រូវគោរពយ៉ាងពេញលេញចំពោះធម្មនុញ្ញអាស៊ាន។
២.ជាគោលការណ៍នៅក្នុងការអនុវត្តជាអន្តរជាតិ ប្រទេសម្ចាស់ផ្ទះមានកាតព្វកិច្ចធានាសេចក្តី ថ្លៃថ្នូរ សន្តិសុខ សុវត្ថិភាព និងភាពរលូន នៃដំណើរទស្សនកិច្ច/ការអញ្ជើញចូលរួមកិច្ចប្រជុំនានារបស់ឥស្សរជនជាន់ខ្ពស់នៃបណ្តារដ្ឋ។ ការចាត់វិធានការនានារបស់អាជ្ញាធរមានសមត្ថកិច្ចម៉ាឡេស៊ី គឺសំដៅធានាការគោរពយ៉ាងត្រឹមត្រូវចំពោះគោលការណ៍ដែលបានលើកឡើងក្នុងចំណុចទី១ និងទី២នេះ។
៣.ជនបរទេស ដោយរាប់បញ្ចូលទាំងអ្នកការទូតដែលមានអភ័យឯកសិទ្ធិផងនោះ មានកាតព្វកិច្ច គោរពប្រណិប័តទៅតាមច្បាប់នៃប្រទេសដែលខ្លួនរស់នៅ / តាំងនៅ។ ដូចនេះការអនុវត្ត សិទ្ធិសំដែងមតិ គឺត្រូវសមស្របទៅតាមច្បាប់របស់ប្រទេសម៉ាឡេស៊ី៕

ads banner