អាមេរិក អង់គ្លេសបង្កើនការវាយប្រហារជាថ្មី លើពួក Huthi
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ថ្មីៗនេះ បានបើកការវាយប្រហារ ថ្មីៗ ទៅលើក្រុមបះបោរ Huthis នៅប្រទេសយេម៉ែន។ ជាការវាយប្រហារដែលនាំឲ្យអ៊ីរ៉ង់ចេញមុខថ្កោលទោសដោយចំហ ហើយអ៊ីរ៉ង់ព្រមានថា ប្រទេសទាំងពីរកំពុងបង្កើនភាពតានតឹង និងបង្កវិបត្តិនៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍រួមរបស់អាមេរិក និងអង់គ្លេស ដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យ ចង្អុលបង្ហាញថា មានការវាយប្រហារលើពួក Huthis ចំនួន១៨លើក នៅ៨ទីតាំង ក្នុងប្រទេសយេម៉ែន រួមទាំងកន្លែងផ្ទុកអាវុធ យន្តហោះគ្មានមនុស្សបើក ប្រព័ន្ធការពារដែនអាកាស រ៉ាដា និងឧទ្ធម្ភាគចក្រផងដែរ កាលពីថ្ងៃសៅរ៍។
សេចក្តីថ្លែងនេះក៏ត្រូវបានចុះហត្ថលេខារួមគ្នា ពីប្រទេសអូស្ត្រាលី បារ៉ែន ដាណឺម៉ាក កាណាដា ហូឡង់ និងនូវែលសេឡង់ ផងដែរ ដោយចង់បង្ហាញពីការគាំទ្រដល់ការវាយប្រហាររបស់អាមេរិក និងអង់គ្លេសនេះ ត្បិតអី នាវាពាណិជ្ជកម្មរបស់ប្រទេសទាំងនេះ ក៏ត្រូវបានពួក Huthis វាយប្រហារ នៅសមុទ្រក្រហមផងដែរ។
សេចក្តីថ្លែងការណ៍ក៏ប្រាប់ដែរថា ពួក Huthis បានវាយប្រហារច្រើនជាង ៤៥ ដង លើនាវាពាណិជ្ជកម្ម និងកងទ័ពជើងទឹក របស់ប្រទេសទាំងនោះ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣មក។ ការវាយប្រហារដែលពួក Huthis ចាត់ទុកថា ជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ជុំវិញសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់នេះ ត្រូវបានមើលឃើញថា កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ហើយទាមទារឱ្យមានការឆ្លើយតបជាអន្តរជាតិ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត