ក្រសួងវប្បធម៌រៀបចំកម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ អមដោយ ពិព័រណ៍សិប្បកម្មខ្មែរ ជាលើកដំបូង នៅដើមខែមីនា

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ «រាត្រីសមោសរ សំពត់បត់ខ្មែរ» អមដោយ «ពិព័រណ៍សិប្បកម្មខ្មែរ» ជាលើកដំបូងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៦ ខែ កុម្ភៈ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការរៀបចំ«រាត្រីសមោសរ សំពត់បត់ខ្មែរ »នេះមានគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។កម្មវិធីនេះជាការបំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួនជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរក្នុងសង្គមខ្មែរ។

លោកជំទាវបន្ថែមថា កម្មវិធីនេះ ក៏មានការចូលរួមសហការពីអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។វានឹងបង្ហាញពីកេរដំណែលដូនតាខ្មែរដ៏យូរលង់មកហើយ។

  លោកជំទាវសង្កត់ធ្ងន់ថា គោលបំណងរបស់ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះ គឺជាកេរដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបានបន្សល់ទុកមក ដូច្នេះក្នុងនាមយើងជាទំពាំងស្នងឫស្សី យើងជាយុវជនខ្មែរ គឺយើងត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា។

លោកជំទាវរដ្ឋលេខាធិការបានលើកឡើងដែរថា ដើម្បីឱ្យគេមើលឃើញអំពីគុណតម្លៃនៃសំពត់បត់ខ្មែរ និងដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ដែលជាកេរដំណែលដូនតាខ្មែរយើង ក្រសួងវប្បធម៌ បានត្រៀមរៀបចំនូវកម្មវិធីដ៏មានសារៈសំខាន់នេះ ដោយរួមចំណែកអភិរក្ស លើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរយើង ឱ្យកាន់តែមានប្រជាប្រិយភាព ពេញនិយមក្នុងកម្រិតជាតិ និងឆ្ពោះទៅអន្តរជាតិ។

  មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌រូបនេះបន្តថាការរៀបចំ«រាត្រីសមោសរសំពត់បត់ខ្មែរ » អមដោយពិព័រណ៍សិប្បកម្មខ្មែរ» នឹងធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរ។ បើតាមការគ្រោងទុកកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ»នឹងធ្វើឡើងនៅល្ងាចថ្ងៃទី២ ខែមីនា។នៅក្នុងកម្មវិធីដ៏សំខាន់នេះ ក្រសួងវប្បធម៌លើកទឹកចិត្តដល់សាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន អញ្ជើញចូលរួមទស្សនា និងផ្សព្វផ្សាយដោយសេរី ដើម្បីជាការលើកទឹកចិត្ត និងបន្តរួមគ្នាថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner