ទីជម្រកសត្វខ្សឹបដែលជាសត្វបក្សីកម្របំផុតក្នុងលោកនៅជុំវិញបឹងទន្លេសាប ត្រូវបានបាត់បង់យ៉ាងច្រើន

ភ្នំពេញ៖ ដោយសារអាកាសធាតុក្តៅហួតហែង អំឡុងខែមករា ពន្លឺព្រះអាទិត្យចាំងឆ្លុះដល់ដី ទាំងមនុស្សទាំងសត្វចតុប្បាទ មិនអាចស្វែងរកម្លប់ជ្រកបាន ព្រោះតែពុំមានរុក្ខជាតិណាផ្សេងដុះក្រៅពីស្មៅ នៅលើទីវាលដ៏ធំល្វឹងល្វើយនៃ «តំបន់អភិរក្សសត្វខ្សឹបស្ទោង»នៅខេត្តកំពង់ធំឡើយ។ហេតុនេះទីជម្រកសត្វខ្សឹបដែលជាសត្វដ៏កម្របំផុតក្នុងលោកនោះ ក៏ទទួលរងការគំរាមកំហែងកន្លែងរស់នៅរបស់វាដែរ។ នេះបើយោងតាមការអធិប្បាយពីប្រភពពីWonders of the Mekong។

ប្រភពខាងលើបានឱ្យដឹងថា នាថ្មីៗមកនេះក្រុមការងារអង្គការសមាគមអភរិក្សសត្វព្រៃកម្ពុជា (WCS) ដឹកនាំដោយ លោក ស៊ុ ភារុណ ប្រធានកម្មវិធីប្រចាំតំបន់បឹងទន្លេសាប និងលោក ផុន ក្រឹម អ្នកសម្របសម្រួលគម្រោងអភិរក្សសត្វខ្សឹប បាននាំយើងតាមរថយន្តភីកអាប់ដែលជាកម្មសិទ្ធរបស់អង្គការ នៅលើវាលស្មៅនេះ ដើម្បីស្វែងរកទីជម្រក និងផ្តិតយករូបភាពសត្វខ្សឹប ដែលជាបក្សីកម្រ និងជិតផុតពូជ។

តំបន់អភិរក្សសត្វខ្សឹបស្ទោង គឺជាផ្នែកមួយ នៃតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបខាងជើង ដែលត្រូវបានដាក់ជាតំបន់ការពារដោយក្រសួងបរិស្ថាន ក្នុងឆ្នាំ២០១៦ និងជាទីជម្រកវាលស្មៅចុងក្រោយ ដែលនៅសេសសល់ សម្រាប់សត្វខ្សឹប។ នៅក្នុងប្រទេសកម្ពុជា សត្វបក្សីខ្សឹប មានរស់នៅក្នុងតំបន់វាលស្មៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែ តំបន់អភិរក្សសត្វខ្សឹបស្ទោង ដែលស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ គឺជាតំបន់ដែលមានវត្តមានសត្វខ្សឹបរស់នៅច្រើនជាងគេ។

គួរបញ្ជាក់ថា«សត្វបក្សីខ្សឹប» Bengal florican មានឈ្មោះវិទ្យាសាស្ត្រ (Houbaropsis bengalensis) មានដើមកំណើតនៅក្នុងឧបទ្វីបឥណ្ឌា និងប្រទេសកម្ពុជា។ ខ្សឹប ជាប្រភេទបក្សីកម្រ និងជិតផុតពូជ ដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN Red List ក្នុងឆ្នាំ ២០១៨។

មានកត្តាជាច្រើន ដែលធ្វើឱ្យតំបន់នេះ នៅតែមានវត្តមានបក្សីខ្សឹប និងសត្វស្លាបសំខាន់ៗ ផ្សេងទៀត រស់នៅច្រើនជាងគេ។ លោក ភារុណ បានលើកឡើងថា៖ «ដោយសារមានកិច្ចសហប្រតិបត្តិការយ៉ាងរលួន ជាមួយស្ថាប័នពាក់ព័ន្ធជាង ២០ឆ្នាំកន្លងមក ជាមួយក្រសួង និងមន្ទីរបរិស្ថាន នៃខេត្តទាំងពីរ កំពង់ធំ និងសៀមរាប ជាពិសេស ពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរនោះ ទើបយើងមានលទ្ធផលបែបនេះ»។
តំបន់វាលស្មៅស្ទោង នៅក្នុងរដូវវស្សា គេសង្កេតឃើញមានទេសភាពពណ៌បៃតងខ្ចី គួរឱ្យគយគន់។ ក្នុងរដូវប្រាំង ស្មៅមួយចំនួនធំបានងាប់ ហើយក៏មានលាស់ថ្មីដែរ ដែលជាទីជម្រកដ៏ល្អបំផុត សម្រាប់សត្វខ្សឹប ពង-កូន រកចំណី និងធំធាត់។

ចំពោះកក្តាគំរាមកំហែងចំពោះសត្វខ្សឹប កន្លងមក និងនាពេលបច្ចុប្បន្នត្រូវបានលោក ភារុណ បានបញ្ជាក់យ៉ាងខ្លីថា គឺដោយសារការបាត់បង់ទីជម្រក។ ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ ការទន្ទ្រានដី និងប្រែក្លាយតំបន់វាលស្មៅធម្មជាតិ ទៅជាតំបន់កសិកម្ម ស្រែចម្ការ មានទំហំធំណាស់។ លោក ភារុណ បានបន្ថែមថា៖ «វាលស្មៅប្រហែលជាង ៨០ភាគរយ នៅក្នុងខេត្តទាំងប្រាំមួយ ជុំវិញបឹងទន្លេសាប ត្រូវបានបាត់បង់ ធ្វើឱ្យទីជម្រករបស់សត្វខ្សឹប បានធ្លាក់ចុះយ៉ាងគំហុក។ ទាំងនេះ គឺជាមូលហេតុដែលធ្វើឱ្យចំនួនសត្វខ្សឹបធ្លាក់ចុះផងដែរ។ ការបរបាញ់ ក៏ជាកត្តាគំរាមកំហែងផ្សេងទៀតដែរ»។

បច្ចុប្បន្នមានកត្តាគំរាមកំហែងថ្មីមួយទៀត ទើបនឹងកើតមានឡើងនៅក្នុងតំបន់អភិរក្សសត្វខ្សឹបស្ទោង។ នោះគឺ ខ្សែបណ្តាញចរន្តអគ្គិសនីតង់ស្យុងខ្ពស់ ដែលបានអូសកាត់តំបន់វាលស្មៅនេះ។ ក្នុងរយៈពេល ១២ខែ អង្គការសមាគមអភរិក្សសត្វព្រៃកម្ពុជា និងសហគមន៍មូលដ្ឋាន បានចុះធ្វើការសិក្សាពីផលប៉ះពាល់ ក្នុងមួយសប្តាហ៍ពីរដង បានរកឃើញថា មានសត្វខ្សឹបចំនួន ៦ក្បាលបានងាប់ ដោយសារហោះបុកខ្សែបណ្តាញអគ្គិសនី។

ការណ៍នេះ លោក ភារុណ បញ្ជាក់ថា៖ «ជាលក្ខណៈជីវសាស្ត្ររបស់សត្វស្លាប វាពុំអាចមើលឃើញអ្វីដែលតូចឆ្មារពីចម្ងាយបានឡើយ។ ពេលវាហោះទៅកៀកនឹងខ្សែបណ្តាញអគ្គិសនី នោះអ្វីៗ គឺហួសពេលទៅហើយ។ សត្វមិនអាចហោះគេចបាន ក៏បុកស្លាប់តែម្តងទៅ»។

លោក ភារុណ បានបន្ថែមទៀតថា៖ «សត្វខ្សឹបងាប់ចំនួន ៦ក្បាលនេះ បើគិតពីចំនួនសត្វខ្សឹបនាពេលបច្ចុប្បន្ននេះ គឺជាចំនួនភាគរយដ៏ច្រើនមួយ។ បើយោងតាមស្ថិតិជំរឿនក្នុងឆ្នាំ២០២៣ របស់អង្គការសមាគមអភរិក្សសត្វព្រៃកម្ពុជា (WCS) មានសត្វខ្សឹបឈ្មោលបង្ហាញខ្លួនត្រឹមតែ ១៧៦ក្បាលប៉ុណ្ណោះ»។ ក្រៅពីសត្វខ្សឹប ក៏មានប្រភេទសត្វស្លាបផ្សេងៗ ទៀត មានដូចជា ក្រៀល ក្រសា រនាលពណ៌ ត្រដក់ ក៏បានហោះបុកខ្សែបណ្តាញអគ្គិសនីងាប់ដែរ ។នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោក ស៊ុ ភារុណ។
ទោះយ៉ាងណា បុរសមានកូនប្រុសបីនាក់ក្នុងបន្ទុក ភារុណ នៅតែមានសុទិដ្ឋិនិយមថា ដំណោះស្រាយនៅតែមាន ប្រសិនបើមានការយកចិត្តទុកដាក់ពីអង្គភាពអគ្គិសនីកម្ពុជា ដោយបំពាក់ឧបករណ៍ឱ្យសញ្ញាដល់សត្វស្លាប។ លោក ភារុណ បញ្ជាក់បន្ថែមថា៖ «បើមានការដាក់ឧបករណ៍ចាំងពន្លឺត្រឡប់ភ្ជាប់នឹងខ្សែបណ្តាញអគ្គិសនីបានត្រឹមត្រូវ នោះហានិភ័យអាចនឹងកាត់បន្ថយបានច្រើន»។

យោងតាមការសិក្សាមួយ ដោយផ្អែកលើតួលេខពីប្រទេសកម្ពុជា បានប៉ាន់ប្រមាណថា ចំនួនសត្វខ្សឹបនៅលើពិភពលោក មានការថយចុះយ៉ាងឆាប់រហ័ស ក្នុងពេលចុងក្រោយនេះ។ អត្រានៃការថយចុះនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា តែមួយ ស្មើនឹងការធ្លាក់ចុះនៃចំនួនសត្វខ្សឹបនៅលើពិភពលោកជាង ៨០ភាគរយ(T. Gray in litt. 2006)។

ព្រះអាទិត្យបានបន្ទាបខ្លួនឆ្ពោះទៅទិសខាងលិច មេឃក៏ចាប់ផ្តើមងងឹត លោក ភារុណ បានប្រាប់យើងថា ដល់ពេលត្រូវចាកចេញពីវាលស្មៅត្រឡប់ទៅរកផ្លូវជាតិវិញ។ លោក ផុន ក្រឹម បានបញ្ឆេះរថយន្ត រួចហើយបរគឿមៗ យ៉ាងលំបាកស្ទើរតែវង្វេងរកផ្លូវមិនឃើញ។ ទីបំផុត យើងក៏បានមក ដល់ផ្លូវជាតិដោយជោគជ័យ ដោយបន្សល់ទុកនូវអារម្មណ៍ដិតដាមចំពោះសម្រស់វាលស្មៅដ៏ធំល្វឹងល្វើយ និងសត្វបក្សីខ្សឹប ដែលចំនួនរបស់វាកាត់តែតិចទៅៗ គួរឱ្យព្រួយបារម្ភ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner