សម្តេចធិបតីចាត់ទុកដំណើរឡើងខ្ពស់ នៃវិស័យកីឡា គឺដោយសារតែកត្តាសន្តិភាព (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះវិស័យកីឡាជាតិរបស់ប្រទេសកម្ពុជា ដែលកីឡាករមានសមត្ថភាពអាចដណ្តើមយកមេដាយមាស, មេដាយប្រាក់ និងមេដាយសំរិទ្ធ ដូចបណ្តាកីឡាករ នៃប្រទេសនានារបស់ពិភពលោក។ សម្តេចធិបតីបានចាត់ទុកដំណើរឡើងខ្ពស់ នៃវិស័យកីឡា គឺដោយសារតែកត្តាសន្តិភាព។

វិស័យកីឡារបស់កម្ពុជា បានចាប់ផ្តើមធ្លាក់ក្រោយកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាម ក្រោយរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ វិស័យកីឡារបស់កម្ពុជា ទើបតែបានរីកចំរើនប្រមាណជាង២០ឆ្នាំចុងក្រោយ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នេះទេ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជ័យលាភីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និងការប្រកួតកីឡាសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០ នាវិមានសន្តិភាព ថ្ងៃទី២៦កុម្ភៈ បានអំពាវនាវប្រជាពលរដ្ឋបន្តថែរក្សាសន្តិភាព ដើម្បីវិស័យកីឡាជាតិកម្ពុជា ដើម្បីឈានដណ្តើមយកមេដាយជូនជាតិកម្ពុជាបន្ថែមទៀត។

វិស័យកីឡា ត្រូវគេឃើញថា នៅបានរួមចំណែកជួយផ្សះផ្សាអរិភាពរវាងខ្មែរ និងខ្មែរថែមទៀត ក្រោយការមើលឃើញស្នាដៃរៀបចំរបស់រាជរដ្ឋាភិបាលលើកដំបូង ដែលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២៣។

ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក ដែលបានវិលត្រឡប់មកចូលរួមជាមួយរាជរដ្ឋាភិបាលវិញ បានកោតសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយបានធ្វើឱ្យកិត្តិយសជាតិលេចត្រដែត លើឆាកអន្តរជាតិ។

សម្តេចធិបតីបានថ្លែងថា វិស័យកីឡាបានជួយពង្រឹងផងដែរ លើវិស័យទំនាក់ទំនងការទូត និងបច្ចុប្បន្នវិស័យកីឡាបាននិងកំពុងរីកផុសផុលក្នុងប្រទេសកម្ពុជា។

ads banner