រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបំភ្លឺចម្ងល់រឿងកោះអាចម៍សេះ (Video Inside)

សំណេរតាមបណ្តាញសង្គមមួយ ដែលឆ្ងល់ថា ហេតុអ្វីបាន Google សរសេរថាកោះអាចម៍សេះរបស់ខ្មែរ ជារបស់វៀតណាមវិញនោះ បានប្រញាប់ឱ្យអាជ្ញាធរទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជាបានធ្វើលិខិតបំភ្លឺ។

គណនីបណ្តាញសង្គមឈ្មោះ អ៊ុក សីលា បានបង្ហោះនូវចម្ងល់របស់ខ្លួននេះ ជាមួយនឹងការភ្ជាប់រូបថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះនោះផងដែរ។

សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនថ្ងៃទី២៦កុម្ភៈបានបំភ្លឺថាកោះអាចម៍សេះ «គឺជាកោះដែលមានទីតាំងស្ថិតក្នុងសង្កាត់កែប ក្រុងកែប នៃខេត្តកែប របស់កម្ពុជា ដោយមានទីស្នាក់ការព្រំដែនទឹកឈ្មោះថា «ប៉ុស្តិ៍កោះអាចម៍សេះ» ឈរយាមនៅទីនោះ និងមានភ្ញៀវទេសចរចេញចូលកំសាន្តជាប្រចាំ»។

ពាក់ព័ន្ធនឹងចម្ងល់នៃផែនទីដែល Google បានបង្ហោះនោះ, រដ្ឋលេខាធិការខាងកិច្ចការព្រំដែន បានសរសេរថា គេនឹងធ្វើកិច្ចការបន្តជាមួយក្រុមហ៊ុន Google ចំពោះករណីនេះ។

រដ្ឋលេខាធិការខាងកិច្ចការព្រំដែន បានសរសេរបំភ្លឺទៅវិញថា ផែនទីរបស់ Google Map មិនមែនជាផែនទីផ្លូវការ ដែលកំណត់ខ្សែបន្ទាត់ព្រំដែនរវាងរដ្ឋ និងរដ្ឋឡើយ។ អាជ្ញាធរកម្ពុជាថ្លែងថា ផែនទីរបស់ Google នេះ គឺបង្កើតឡើងសម្រាប់តែគោលដៅពាណិជ្ជកម្មរបស់ខ្លួនតែប៉ុណ្ណោះ។

ads banner