ស្ថាបនិក Facebook ពិភាក្សាពីហានិភ័យនៃបញ្ញាសិប្បនិមិ្មត AI ជាមួយជប៉ុន
តូក្យូ៖ ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg ក្នុងថ្ងៃអង្គារ បានជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីហានិភ័យនៃបញ្ញាសិប្បនិមិ្មត (AI)។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន បានដកស្រង់សម្តីលោក Zuckerberg ដែលបាននិយាយបន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣០នាទីជាមួយលោក Kishida ថា យើងមានការសន្ទនាដ៏ល្អ និងប្រកបដោយផលិតភាពអំពីបញ្ញាសិប្បនិម្មិត (AI) និងអនាគតនៃបច្ចេកវិទ្យា។ លោក Zuckerberg បន្ថែមថា លោកពិតជារំភើបសម្រាប់ការងារដែលកំពុងធ្វើឡើងនៅទីនេះក្នុងប្រទេសជប៉ុន។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅជប៉ុន ស្ថាបនិកបណ្តាញសង្គមយក្ស Facebook វ័យ៣៩ឆ្នាំរូបនេះ នឹងបន្តដំណើរទៅកាន់កូរ៉េខាងត្បូង ដើម្បីជួបជាមួយលោកប្រធានាធិបតី Yoon Suk-yeol និងអ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង LG។ បើតាមកាសែត Korea Economic Daily លោក Zuckerberg ក៏នឹងជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុន LG Electronics ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍កាសស្តាប់ត្រចៀកជំនាន់ថ្មី ដើម្បីប្រកួតប្រជែងជាមួយនឹងកាសស្តាប់ត្រចៀក Vision Pro របស់ក្រុមហ៊ុន Apple។
ហើយបន្ទាប់មក លោក Zuckerberg នឹងបន្តដំណើរទៅកាន់ឥណ្ឌា ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៥ របស់ពិភពលោក។
គួរបញ្ជាក់ថា ដឹកនាំដោយ ChatGPT របស់ក្រុមហ៊ុន OpenAI បញ្ញាសិប្បនិមិត្ត (AI) ជាបច្ចេកវិទ្យាដែលអាចរួមបញ្ចូលអក្សរ រូបភាព និងសំឡេងបាន ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់វា ត្រូវបានគេទទួលស្គាល់ថា ជាបដិវត្តន៍ដ៏មានសក្ដានុពលសម្រាប់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីវីដេអូហ្គេម រហូតដល់ផ្នែកនយោបាយ ព្រមជាមួយនឹងលទ្ធផលវិជ្ជមាន និងអវិជ្ជមាន។
តួយ៉ាង ក្នុងខែកុម្ភៈនេះ Meta គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ ក្នុងចំនោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន២០ រួមទាំង OpenAI នឹងចុះហត្ថលេខាលើកិច្ចសន្យាមួយ ដើម្បីបង្ក្រាបមាតិកា AI ដែលមានបំណងបោកបញ្ឆោតអ្នកបោះឆ្នោត នៅមុនការបោះឆ្នោតដ៏សំខាន់នៅជុំវិញពិភពលោកក្នុងឆ្នាំ២០២៤នេះ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា