ជប៉ុនជួបបញ្ហាចាប់កំណើតថ្មីតិច និងអាពាហ៍ពិពាហ៍ធ្លាក់ចុះខ្លាំង
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា ការចាប់កំណើតថ្មី នៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយ នៅឆ្នាំ២០២៣ ដោយប្រទេសនេះបានកត់ត្រា ពីការស្លាប់ច្រើនជាងពីរដង នៃទារកទើបនឹងកើត។
ទិន្នន័យដូចគ្នានេះក៏បានបង្ហាញពីចំនួនអាពាហ៍ពិពាហ៍ថ្មីៗ នៅកម្រិតទាបបំផុត នៅក្នុងប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ ១៩៩៣។
ទិន្នន័យបឋមដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ បង្ហាញពីបញ្ហាប្រឈមផ្នែកប្រជាសាស្រ្តយ៉ាងខ្លាំង ដែលកំពុងប្រឈមមុខនឹងសេដ្ឋកិច្ចធំបំផុតទីបួនរបស់ពិភពលោកមួយនេះ។ ក្រៅពីនោះក៏មាន បញ្ហាកង្វះកម្មករ និងសេវាកម្មផ្តល់ការថែទាំសុខភាពសម្រាប់មនុស្សចាស់ ដោយគេដឹងថា មនុស្សម្នាក់ ក្នុងចំណោមមនុស្ស១០នាក់ នៃប្រជាជនជប៉ុន ឥឡូវនេះ មានអាយុលើសពី ៨០ ឆ្នាំ។
តួលេខបានបង្ហាញថា កំណើតនៅឆ្នាំ ២០២៣ បានធ្លាក់ចុះរយៈពេល៨ឆ្នាំជាប់ៗ គ្នា មកនៅត្រឹម ជាង៧ម៉ឺន៥ពាន់នាក់ ពោលគឺ ធ្លាក់ចុះប្រហែល ៥ ភាគរយ ធៀបនឹងឆ្នាំ២០២២។ រីឯ ចំនួនអ្នកស្លាប់គឺនៅ មានជាង១លាន៥សែននាក់ គឺច្រើនជាងតួលេខអ្នកកើតថ្មី។
ចំពោះការរៀបអាពាហ៍ពិពាហ៍វិញ នៅឆ្នាំ ២០២៣ ធ្លាក់ចុះជិត៦ភាគរយ ធៀបនឹងឆ្នាំមុន ហើយជាលើកដំបូង ដែលជប៉ុន មានគូស្វាមីថ្មី តិចជាងកន្លះលានគូ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត