សារព័ត៌មានរុស្ស៊ី RT និង Sputnik រងការចោទប្រកាន់ថា ចូលរួមចំណែកផ្សព្វផ្សាយ ព័ត៌មានមិនពិត
រុស្ស៊ី៖ រដ្ឋមន្ត្រី៦០រូប និងអ្នកសារព័ត៌មានជាង១ពាន់នាក់ គ្រោងចូលរួមក្នុងសន្និសីទសេរីភាពសារព័ត៌មាន ដែលរៀបចំឡើងក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅសប្ដាហ៍នេះ។ ប៉ុន្តែការិយាល័យកិច្ចការបរទេសអង់គ្លេស បានដាក់បម្រាមលើសារព័ត៌មានរុស្ស៊ី RT និង ស្ពូ្រតនីគ (Sputnik) ខណៈទីក្រុងម៉ូស្គូ ហៅបម្រាមនេះថា ជាចេតនានយោបាយ។
សារព័ត៌មានរុស្ស៊ី RT និង ស្ពូ្រតនីគ (Sputnik) ត្រូវបានជាប់បម្រាមចូលរួមក្នុងសន្និសីទស្ដីពីសេរីភាពសារព័ត៌មាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្រោយរងការចោទប្រកាន់ថា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីទាំងពីរនេះ បានចូលរួមចំណែកក្នុងការចេញផ្សាយព័ត៌មានមិនពិត។
សូមរំលឹកថា អាជ្ញាធរទីក្រុងឡុងដ៍ កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ធ្លាប់ចោទប្រកាន់ថា សារព័ត៌មានរុស្ស៊ី RT និង ស្ពូ្រតនីគ (Sputnik) បានរំលោភលើច្បាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន តាមរយៈការចុះផ្សាយជាបន្តបន្ទាប់នូវអត្ថបទពាក់ព័ន្ធនឹងការបំពុលប៉ុនប៉ងសម្លាប់អតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី លោក សឺហ្គៃ ស្គីបាល់ និងកូនស្រីរបស់លោកឈ្មោះ យូលៀ នៅទីក្រុង សាលីសប៊ឺរី៕ធ.ដ