វត្តនិងអាស្រមទូទាំងខេត្តសៀមរាបរៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយព្រះរាជវិញ្ញាណក្ខន្ធ ព្រះសព សម្តេច ព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស

សៀមរាប៖កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញនេះ នៅតាម បណ្ដា វត្តចំនួន ២៦១វត្ត និងអាស្រម ចំនួន ១៨ ក្នុងខេត្ត សៀមរាប ក៏បានរៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយ ព្រះរាជវិញ្ញាណក្ខន្ធព្រះសព សម្តេច ព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស ដែល បង្ហាញពីការសោកស្តាយអាឡោះអាល័យចំពោះការបាត់ បង់ ធនធានមនុស្ស ដ៏សំខាន់របស់កម្ពុជា។

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប បញ្ជាក់ថា ក្រោយពីទទួលបានសារាចរណែនាំ របស់ រាជរដ្ឋា ភិបាល ក៏ដូចជាសេចក្តីប្រគេនដំណឹងរបស់គណៈសង្ឃនាយក មន្ទីរបាន ណែនាំដល់វត្តទាំង ២៦១វត្ត និងអាស្រមទាំង១៨ ក្នុង ទូទាំងខេត្ត សូមនិមន្តអនុវត្ត វាយគង ទូងស្គរ និងបង្ហូតទង់ជាតិ ទង់សាសនា ត្រឹមពាក់កណ្តាលដង។

ព្រះគ្រូ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ មានថេរដីកាថា នៅអារញ្ញសាគរមានការចូលរួមព្រះសង្ឃ គណៈកម្មការវត្ត ដូនជីតាជី ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ បានមកបូជាផ្កាភ្ញី ធូបទៀននិង សម្តែងនូវទុក្ខ ក្រៀម ក្រំអាឡោះអាល័យជាទីបំផុត។

សូមជម្រាបថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ព្រះនាម ទេព វង្ស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ប្រសូត្រ នៅថ្ងៃទី១២ ខែមករា ឆ្នាំវក គ.ស.១៩៣២ នៅឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប។ បិតាព្រះអង្គនាម ទេព ឈិត មាតានាម ប៉ិច អាត់ ។ ព្រះអង្គសាងព្រះផ្នួសលើកទី១នៅឆ្នាំរោង គ.ស.១៩៥២ នៅវត្ត រាជបូណ៌ ខេត្តសៀមរាប។សាងព្រះផ្នួស លើកទី២ នៅថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៧៩ នៅវត្តឧណ្ណាលោមក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៩ ដដែល បានឡើងនាទីជាព្រះវិន័យធរ ប្រធានសង្ឃ និងជាព្រះឧបជ្ឈា ទូទាំង ប្រទេស បន្តពីព្រះគ្រូមហាថេរ ព្រះនាមកើត វ៉ាយ។ព្រះវិន័យធរ ទេព វង្ស ទ្រង់ជាព្រះ ឧបជ្ឈា ធំជាងគេដែលបានបំបួសរាល់ព្រះថេរ ចាស់ៗ ដែលជាអតីតព្រះថេរសម័យមុន ដែលបានផ្សឹកក្នុងសម័យខ្មែរក្រហម ហើយរស់រានជីវិតក្រោយរបបខ្មែរក្រហម និងបានចូលមកបួស បំពេញ ឧបសម្បទាជាផ្លូវការឡើងវិញក្នុងសំណាក់ព្រះវិន័យធរ ទេព វង្ស នៅ វត្តឧណ្ណាលោម នាឆ្នាំ១៩៧៩៕
ដោយ៖ ស៊ាន សុផាត

ads banner