ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី១ អនុញ្ញាតឱ្យមន្ត្រីរាជការ កងកម្លាំង នគរបាលជាតិចូលរួម ក្នុងន័យបង្កើន និងលើកកម្ពស់សុខភាពជាស្នូល នៃបុព្វហេតុ បម្រើជាតិ មាតុភូមិ

(ភ្នំពេញ)៖ ការប្រកួត “ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤ បានចាប់ផ្ដើមដំណើរការប្រកួតជាផ្លូវការ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដោយមានក្រុមចំនួន ១៥ចូលរួមមកពីបណ្ដាក្លឹអគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ។

ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត មានប្រសាសន៍ថា ការប្រកួត “ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ”នេះ មានក្រុមចំនួន ១៥ចូលរួមមកពីបណ្ដាក្លឹបអគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានា ចែកចេញជា ៤ពូលក្នុង ១ពូល មាន ៤ក្រុម។

លោកថា ការប្រកួតគឺដំណើរការតាមរូបមន្តគឺក្រុមនីមួយៗនឹងត្រូវជួបគ្នាវិលជុំសន្សំពិន្ទុ ក្នុងពូល ដើម្បីរកក្រុមលេខ១ និងលេខ២ ឡើងវគ្គ ៨ក្រុមចុងក្រោយ រួចបន្តទៅវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ និងចុងក្រោយ វគ្គផ្ដាច់ព្រ័ត្រ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែង លើកឡើងថា មូលហេតុដែលផ្ដួចផ្ដើមគំនិតក្នុងការបង្កើតការប្រកួតពានរង្វាន់នេះ លើក ដំបូងបំផុត ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃដែលបានអនុញ្ញាតឱ្យមន្ត្រីរាជការ កងកម្លាំង នគរបាលជាតិ និងមន្រ្តីពន្ធនាគារ បានចូលរួមប្រកួតប្រជែង មានគោលបំណង ក្នុងន័យ បង្កើន និងលើកកម្ពស់សុខភាព ដល់មន្រ្តីកងម្លាំងនគរបាលជាតិឱ្យមានកម្លាំងមាំមួន ជាស្នូលនៃបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន និងកាត់បន្ថយភាពអសកម្មមួយចំនួន ក្នុងជួរកងកម្លាំងនគរបាលជាតិ ពិសេស ដើម្បីផ្សារភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងអន្តរអគ្គនាយក ចំណុះឱ្យក្រសួងមហាផ្ទៃ។ លើសពីនេះ ទៅទៀត ក៏ជាការសម្រិតសម្រាំងរកកីឡាករដែលមានសមត្ថភាព តំណាង ក្រសួងមហាផ្ទៃ ក្នុងការប្រកួតពានរង្វាន់អន្តរក្រសួងផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងកូសបញ្ជាក់ទៀតថា រាជរដ្ឋាភិ បាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារាជ រដ្ឋាភិបាលអាណត្តិមុនៗ ក៏បានយកចិត្តទុកដាក់លើវិស័យកីឡា ដែលក្នុងនោះមាន គោល បំណងចម្បងបំផុតគឺលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ផ្ដល់ឱ្យប្រជាពលរដ្ឋ នូវក្ដី ស្រលាញ់ការលេងកីឡា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយ ស្រួល និងលើកទឹកចិត្តដល់អត្តពលិកឆ្នើមដែលទទួលបានជ័យលាភី ជាពិសេសកីឡា បានដើរ តួនាទីយ៉ាងសំខាន់ក្នុងកិច្ចទំនាក់ទំនងអន្តរជាតិ និងជាតិ។

ឯកឧត្តម អភិសន្តិបណ្ឌិត បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណដល់គណៈ កម្មការ រៀបចំការប្រកួត ដែលបានរៀបចំកម្មវិធីបើកយ៉ាងអធិកអធម អមដោយផ្ទាំងទស្សនីយ៍ភាព សិល្បៈ កីឡាជាច្រើន និងបានប្រកាសបើកការប្រកួតចាប់ពីពេលនេះតទៅ៕

រូបភាព ជីប ភារ៉ា អត្ថបទៈជាវចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner