ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ « ស្រី្ត និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល »
(ភ្នំពេញ)៖ ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោល បំណង រំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួមនិងភាព ជាតំណាង របស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងជា ការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាម ចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ។
នេះគឺជាការលើកឡងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តថា ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា និងភាពសម្បូរណ៍បែបនៅលើគេហទំព័រ ឬបណ្តាញសង្គមផ្សេងៗ យើងសង្កេតឃើញថា មិនមែនត្រឹមតែស្ត្រី និងក្មេងស្រីទេ ដែលកំពុងរងការប្រឈមក្នុងបរិបទនៃសម័យឌីជីថល គឺមនុស្សគ្រប់ភេទ គ្រប់អាយុ សុទ្ធតែកំពុងទទួលរងផលប៉ះពាល់ពីបច្ចេកវិទ្យា។ «កុំថាឡើយតែអ្នកពេញវ័យ សូម្បីតែកុមារ ពួកគេសុទ្ធតែចេះប្រើទូរស័ព្ទ កុំព្យូទ័រ និងថាប្លេត គឺពួកគាត់អាចស្វែងរកបាននូវអ្វីដែលជាតម្រូវការរបស់ពួកគាត់»។
«នៅក្នុងសម័យឌីជីថលនេះ ការប្រឈមរបស់ស្ត្រី និងក្មេងស្រីគឺមានជាច្រើន ពាក់ព័ន្ធនឹង ការឆបោកតាមប្រព័ន្ធឌីជីថល ការបៀតបៀនតាមរូបភាពផ្សេងៗជាដើម ដែលទាំងនេះធ្វើ ឱ្យមានការប៉ះពាល់ដល់កិត្តិយសស្ត្រីជាច្រើន ដោយសារគ្នាមិនសូវមានការយល់ដឹង ដូច្នេះ ហើយទើបធ្វើឱ្យពួកគេធ្លាក់ចូលទៅក្នុងការចាញ់បោកគេ» ។ កត្តាទាំងអស់នេះ គឺត្រូវទាម ទារ ឲ្យ អាណាព្យាបាលទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការតាមដាននូវរាល់ សកម្មភាពនៃការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រឬថាប្លេតផ្សេងៗ របស់កូនៗ ដែលជាការចូលរួម ចំណែកក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ និងផលប៉ះពាល់ នៃការប្រើប្រាស់បច្ចេកវិទ្យា ឌីជី ថល ៕
ដោយ ៖ ថេត វិចិត្រ+ ហេង សម្បត្តិ











