Boeing យល់ព្រមបង់ប្រាក់ពិន័យ ៥១លានដុល្លារ
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Boeing នៅក្នុងជម្លោះជាមួយក្រសួងការបរទេសអាមេរិក បានឈានដល់ការបង់ប្រាក់ពិន័យ ៥១លានដុល្លារ ដើម្បីដោះស្រាយការរំលោភលើការនាំចេញជិត ២០០លើក រួមទាំងការនាំចេញទិន្នន័យបច្ចេកទេសដោយគ្មានការអនុញ្ញាតរបស់ខ្លួនទៅកាន់ប្រទេសចិន។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរំលោភលើការនាំចេញរបស់ក្រុមហ៊ុន Boeing បានកើតមានតាំងពីឆ្នាំមុនមកម្ល៉េះ ហើយធ្វើឡើងដោយស្ម័គ្រចិត្ត។ ក្នុងចំណោមការបំពានដែលក្រសួងការបរទេសអាមេរិកបានលើកឡើង ក្នុងនោះមានការនាំចេញសម្ភារៈការពារជាតិ ដោយគ្មានការអនុញ្ញាតរបស់ក្រុមហ៊ុន Boeing ព្រមទាំងព័ត៌មានបច្ចេកទេសដែលនាំចេញទៅឱ្យបុគ្គលិក និងអ្នកម៉ៅការបរទេស។
ការបំពាននេះក៏រាប់បញ្ចូលទាំងការនាំចេញទិន្នន័យបច្ចេកទេស ដោយគ្មានការអនុញ្ញាតទៅកាន់ប្រទេសចិនផងដែរ។ អ្នកនាំពាក្យក្រុមហ៊ុន Boeing និយាយថា យើងប្តេជ្ញាចំពោះកាតព្វកិច្ចគ្រប់គ្រងពាណិជ្ជកម្មរបស់យើង ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយក្រសួងការបរទេសអាមេរិក ស្ថិតក្រោមកិច្ចព្រមព្រៀងដែលបានប្រកាសនៅថ្ងៃនេះ។
គួរបញ្ជាក់ថា ស្ថិតក្រោមលក្ខខណ្ឌនៃការទូទាត់នេះ ក្រុមហ៊ុន Boeing នឹងបង់ប្រាក់ពិន័យចំនួន ៥១លានដុល្លារ ក្នុងនោះ ២៤លានដុល្លារនៃប្រាក់ពិន័យនឹងត្រូវផ្អាកសិន ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន Boeing ពង្រឹងកម្មវិធីអនុលោមភាពរបស់ខ្លួន។ ក្រុមហ៊ុន Boeing ក៏នឹងត្រូវចូលរួមជាមួយមន្ត្រីអនុលោមភាពពិសេសខាងក្រៅ យ៉ាងហោចណាស់ពីរឆ្នាំ ហើយយល់ព្រមចំពោះសវនកម្មខាងក្រៅយ៉ាងហោចណាស់ពីរ នៃកម្មវិធីអនុលោមភាពរបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



