រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ គុណភាពទឹកត្រូវតែស្អាត ដើម្បីសុខភាពពលរដ្ឋ និងការដាក់ ឧបករណ៍វាស់ស្ទង់គុណភាពទឹកស្វ័យប្រវត្តិតាមរោងចក្រជារឿងសំខាន់

(ភ្នំពេញ)៖ ថ្ងៃនេះក្រសួងបរិស្ថានបានបើកយុទ្ធនាការលើផ្ទៃទឹកស្អាតវិញព្រោះកន្លងមកក្រសួងបានបើកយុទ្ធការផ្ទៃដីស្អាតដែលគ្មានសំរាម និង ប្លាស្ទិករួចមកហើយ ។ ក្រសួងជឿជាក់ថា ក្រោយយុទ្ធនាការនេះទៅទឹកនៅទូទាំងប្រទេសកម្ពុជាមិនថាត្រពាំងបឹងបួរ ស្ទឹងឬទន្លេទេ ត្រូវតែជាទឹកស្អាតគ្មានការបំពុល គ្មានជាតិគីមី ឬទឹកដែលហួសកម្រិតស្តង់ដាដែលប្រើប្រាស់”។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងពិធីផ្សព្វផ្សាយបើកយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស នាទីស្តីការក្រសួងនារសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤។

ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងទឹកស្អាតល្អ ប្រាកចាកនឹងសារជាតិគីមីដែលបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋកន្លងមកក្រសួងបានធ្វើការងារនេះជាបន្តបន្ទាប់ ហើយលទ្ធផលឃើញថា ប្រភពទឹកដែលជាកន្លែងប្រើប្រាស់របស់ពលរដ្ឋគ្រប់ទីកន្លែងពុំមានបង្កការប៉ះពាល់ណាមួយនោះឡើយ លើកលែងតែតំបន់មួយចំនួនតូចប៉ុណ្ណោះហើយក្រសួងនិងភាគីពាក់ព័ន្ធបានដោះស្រាយទទួលបានជោគជ័យផងដែរ។ ទន្ទឹមនឹងនេះក្រសួងបរិស្ថានក៏បានជំរុញឱ្យមានការបំពាក់ឧបករណ៍តាមដានគុណភាពទឹកដោយស្វ័យប្រវត្តិ ពិសេសទឹកដែលបង្ហូរពីរោងចក្រត្រូវតែធ្វើតេស្តមើលថាបង្កគ្រោះថា្នក់ដល់គុណភាពទឹកឬទេ។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថានបានមានប្រសាសន៍ថា ចំពោះរោងចក្រ សហគ្រាសដែលចង់ទិញឧបករណ៍នេះគឺក្រសួងបានបញ្ចុះតម្លៃឱ្យ៥០ភាគរយដោយក្នុងនេះមានអង្គការនិងភាគីពាក់ព័ន្ធមួយចំនួនបានជួយក្នុងរឿងនេះរួចមកហើយ ដើម្បីធ្វើយ៉ាងនាជំរុញឱ្យរោងចក្រ សហគ្រាស បំពាក់ឧបករណ៍ទាំងនេះក្នុងកិច្ចការពារបំពុលទឹកដោយប្រការណាមួយ ។ ក្រៅពីនេះអង្គការដែលមកពីសហរដ្ឋអាមេរិក ថៃ និងចិនបានជួយអភិវឌ្ឍន៍នូវ APP ដើម្បីបានលទ្ធផលពីឧបករណ៍ទាំងនោះបញ្ជូនទិន្នន័យផ្ទាល់មកក្រសួងបរិស្ថានទៀតផង។

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ប្រាប់ជុំវិញបញ្ហានេះដែរថា”កាលពីមុនមកមានក្រុមហ៊ុនពីប្រទេសមួយចំនួនបានលក់ឧបករណ៍នេះ ហើយលទ្ធផលទាល់តែបញ្ជូនទៅកាន់ក្រុមហ៊ុនប្រទេសទាំងនោះហើយទើបបញ្ជូនទិន្នត្រឡប់មកវិញ យើងទើបដឹងលទ្ធផលជាក្រោយ តែចាប់ពីពេលនេះទៅមិនដូច្នេះទេ ពោលគឺយើងនឹងដឹងលទ្ធផលភ្លាមៗតែម្តងតាមរយៈឧបករណ៍វាស់ស្ទង់គុណភាពទឹកបែបថ្មីនេះ ។
ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថាឧបករណ៍វាស់ស្ទង់គុណភាពទឹកស្វ័យប្រវត្តិបានផ្តល់ផល ប្រយោជន៍ខ្លាំងណាស់ក្នុងនេះដូចជាចុះតម្លៃ៥០ភាគរយនៅពេលបំពាក់ និងជួយរោងចក្រមិនចាំបាច់មកស្នើសុំបញ្ចេញទឹកកខ្វក់ទៀតទេ ព្រោះយើងមានឧបករណ៍រួចទៅហើយគេអាចបញ្ចេញបាននៅពេលត្រូវតាមគុណភាពស្តង់ដានោះ។ ក្រៅពីនេះបើទឹកមានបញ្ហាក្រសួងបរិស្ថានក៏មានភាពងាយស្រួលដែរពោលគឺនឹងឱ្យម្ចាស់រោងចក្រធ្វើការកែប្រែគុណភាពទឹករបស់ខ្លួនភ្លាមៗមិនចាំបាច់យូរឡើយ។

ជាមួយគ្នាឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដោយបញ្ជាក់ថាគុណភាពទឹកត្រូវតែស្អាត បើទឹកមិនស្អាតទេសុខភាពរបស់ពលរដ្ឋ និងការស្រោចស្រពដំណាំ និងការប្រើប្រាស់ផ្សេងៗទៀតក៏មានបញ្ហាដូចគ្នាទាំងអស់។ក្នុងយុទ្ធនាការនេះនឹងជួយដល់ពលរដ្ឋមិនជួបបញ្ហាទឹកប្រើប្រាស់ទាំងបច្ចុប្បន្ន និងទៅអនាគត ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព៖ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner