សេដ្ឋកិច្ចឥណ្ឌាកើនឡើង ៨.៤ភាគរយក្នុងខែធ្នូ ឆ្នាំ២០២៣

ញូវដេលី៖ ទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាកើនឡើង ៨.៤ភាគរយនៅក្នុងត្រីមាសខែធ្នូ ឆ្នាំ២០២៣ ជួយជំរុញជាចម្បងពីវិស័យផលិតកម្ម ដែលធ្វើឱ្យកើនលើសការព្យាករណ៍របស់អ្នកវិភាគ។

ប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ បានស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចដំណើរការល្អបំផុត ដោយសារតែតម្រូវការក្នុងស្រុក និងការវិនិយោគដ៏រឹងមាំ។ លទ្ធផលនៃកំណើនសេដ្ឋកិច្ច ៨.៤ភាគរយក្នុងសប្តាហ៍នេះ គឺខ្ពស់ជាងចំនួន ៧ភាគរយ ដែលព្យាករដោយធនាគារកណ្តាលឥណ្ឌា និងការប៉ាន់ប្រមាណរបស់អ្នកវិភាគ។

ទីភ្នាក់ងារស្ថិតិរបស់ប្រទេសឥណ្ឌានិយាយថា កំណើនពីរខ្ទង់នៅក្នុងវិស័យផលិតកម្ម អមដោយអត្រាកំណើនដ៏ល្អនៃវិស័យសំណង បានជួយឱ្យមានដំណើរការល្អប្រសើរជាងការរំពឹងទុក។ មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីខែមុនបានព្យាករថា កំណើនសេដ្ឋកិច្ចឥណ្ឌានឹងនៅតែរឹងមាំរហូតដល់ឆ្នាំហិរញ្ញវត្ថុបន្ទាប់ ដោយសារតែភាពធន់នឹងតម្រូវការក្នុងស្រុក ទោះបីជាខ្លួនបានព្យាករណ៍ពីការធ្លាក់ចុះនៅប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីក៏ដោយ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានងើបចេញពីវិបត្តិកូវីដ១៩ ដែលបានវាយប្រហារជាសកល រួមទាំងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ និងឥទ្ធិពលនៃសង្គ្រាមអ៊ុយក្រែនទៅលើទីផ្សារស្បៀងអាហារ និងប្រេងពិភពលោក។ ជាក់ស្តែង សេដ្ឋកិច្ចឥណ្ឌាបានកើនឡើង ៧.២ភាគរយនៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២២-២០២៣ ដែលជាកម្រិតខ្ពស់បំផុតទីពីរ ក្នុងចំណោមប្រទេស G20។ ជាងនេះទៅទៀត ឥណ្ឌាបានវ៉ាដាច់អង់គ្លេសនៅឆ្នាំ២០២២ ក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៥ របស់ពិភពលោក ហើយកាលពីឆ្នាំមុន ក៏បានវ៉ាដាច់ចិន ក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេរបស់ពិភពលោកផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner