ពិភពលោកមានអ្នកធាត់លើសទម្ងន់ជាង ១ពាន់លាននាក់

ប៉ារីស៖ បានឱ្យដឹងថា មនុស្សជាង ១ពាន់លាននាក់ទូទាំងពិភពលោក កំពុងរស់នៅក្នុងភាពធាត់ជ្រុល និងលើសទម្ងន់ ខណៈដែលតួលេខនេះ កើនឡើងជាង ៤ដង ចាប់តាំងពីឆ្នាំ១៩៩០។ នេះបើយោងតាមការសិក្សា ដែលចេញផ្សាយដោយព្រឹត្តិបត្រវេជ្ជសាស្រ្ត Lancet។

ការសិក្សារបស់ព្រឹត្តិបត្រវេជ្ជសាស្រ្ត Lancet ដែលចេញផ្សាយមុនទិវាភាពធាត់ពិភពលោកនៅថ្ងៃទី៤ ខែមីនានេះ បានប៉ាន់ប្រមាណថា មនុស្សពេញវ័យប្រហែល ២២៦លាននាក់ មានទាំងវ័យជំទង់ និងកុមារ បានរស់នៅក្នុងភាពធាត់លើសទម្ងន់ទូទាំងពិភពលោកក្នុងឆ្នាំ១៩៩០។ តួលេខនេះបានកើនឡើងដល់ ១,០៣៨លាននាក់គិតត្រឹមឆ្នាំ២០២២។

ព្រឹត្តិបត្រវេជ្ជសាស្រ្ត Lancet បានបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវបានវិភាគលើការវាស់កម្ពស់ និងថ្លឹងទម្ងន់របស់មនុស្សជាង ២២០លាននាក់នៅក្នុងប្រទេសជាង ១៩០ ដើម្បីឈានដល់ការប៉ាន់ស្មានខាងលើនេះ។

ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ស្ត្រីពេញវ័យចំនួន ៥០៤លាននាក់ និងបុរស ៣៧៤លាននាក់បានរស់នៅក្នុងភាពធាត់លើសទម្ងន់ក្នុងឆ្នាំ២០២២។ ការសិក្សានេះក៏បានរកឃើញដែរថា អត្រាធាត់លើសទម្ងន់បានកើនឡើងជិតបីដងសម្រាប់បុរស មាន១៤ភាគរយ ចាប់តាំងពីឆ្នាំ១៩៩០ និងច្រើនជាងទ្វេដងសម្រាប់ស្ត្រី មាន១៨.៥ភាគរយ។

យោងតាមការស្រាវជ្រាវបានបង្ហាញថា កុមារ និងក្មេងជំទង់ប្រមាណ ១៥៩លាននាក់កំពុងរស់នៅជាមួយភាពធាត់ជ្រុលក្នុងឆ្នាំ២០២២ កើនឡើងប្រហែល ៣១លាននាក់ ធៀបនឹងឆ្នាំ១៩៩០។ ភាពធាត់ជ្រុលអាចបង្កើនហានិភ័យដល់ថ្នាក់បាត់បង់ជីវិត ដោយសារតែជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមួយចំនួនផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner