គ្រាប់ស្វាយចន្ទីរ និងតម្លៃនៅលើទីផ្សារនៅដើមរដូវ ប្រមូលផលឆ្នាំ២០២៤ មានភាពល្អប្រសើរជាងឆ្នាំមុន
(ភ្នំពេញ)៖ ស្ថានភាពនៃការប្រមូល ផលដំណាំគ្រាប់ស្វាយចន្ទី និងតម្លៃនៅលើទីផ្សារនៅដើមរដូវ ប្រមូលផលឆ្នាំ២០២៤នេះមានតម្លៃចន្លោះពី ៤៨០០រៀលទៅ ៥២០០រៀលក្នុង ១គីឡូក្រាម គឺមានតម្លៃល្អជាងឆ្នាំមុនធៀបនឹងពេលវេលាដូចគ្នា ។ នេះបើតាមការលើកឡើងពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម ខណៈ ដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយ ប្រជាកសិករប្រមូលផលស្វាយចន្ទី និងសហគមន៍កសិកម្ម នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។
ឯកឧត្តម តូច ប៊ុនហួរ បានណែនាំបន្ថែម ដល់ប្រជាកសិករនៅក្នុងសហគមន៍កសិកម្មសាលាវិស័យ ក្នុងស្រុកប្រាសាទបល្ល័ង្ក អំពីដំណើការអភិវឌ្ឍសហគមន៍បច្ចុប្បន្ន ឱ្យទៅជាសហគមន៍ទំនើប ដែលស្ថិតនៅក្រោមកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះសហគមន៍កសិកម្មសាលាវិស័យ មានសមាជិកសរុបចំនួន ៦០១នាក់ និងបានដាំដុះដំណាំសា្វយចន្ទី នៅលើផ្ទៃដីចំនួ ៥៨៦ហិកតា ដែលអាចប្រមូលផលបានលើផ្ទៃដីចំនួន ៥៧២ហិកតា ។
សូមរំលឹកថា បើយោងតាមទិន្នន័យសមាគមស្វាយចន្ទីកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីប្រហែល ៦០ម៉ឺនតោន ក្នុងឆ្នាំ២០២០ ចំនួន ៩៥ម៉ឺនតោន ឆ្នាំ២០២១ ចំនួន ១,១លានតោន ឬប្រមាណ២៤ ភាគរយនៃការនាំចេញសរុបលើពិភពលោក ឆ្នាំ២០២២ ចំនួន ៦៧ម៉ឺនតោន នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ៦៥ម៉ឺនតោន ទទួលចំណូលប្រមាណ ៨៣៧លានដុល្លារ ថយចុះប្រមាណជាង ១០ភាគរយ ។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃក្នុងរង្វង់ ១ ៩០០ដុល្លារ ក្នុង ១តោន រីឯគ្រាប់ស្វាយចន្ទីកែច្នៃរួចអាចមានតម្លៃប្រហែល ៨ ០០០ដុល្លារ ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាកន្លងមកថ្មីៗនេះថា ស្វាយចន្ទីជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ក្នុងចំណោមនេះស្វាយចន្ទី បានជាប់ចំណាតថ្នាក់លេខ ៣ ជាកសិផលនាំចេញក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ៕
ដោយ ៖ ម៉ាដេប៉ូ










