UN ព្រមានថា ការទាញយកធនធានផែនដីនឹងកើនឡើង ៦០ភាគរយ ក្នុងឆ្នាំ២០៦០

ប៉ារីស៖ អង្គការសហប្រជាជាតិ ក្នុងថ្ងៃសុក្រ បានលើកឡើងថា ការទាញយកធនធានធម្មជាតិរបស់ផែនដី អាចកើនឡើង ៦០ភាគរយនៅឆ្នាំ២០៦០ ដែលនឹងរារាំងដល់គោលដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងវិបុលភាពសេដ្ឋកិច្ច ខណៈយូអិនបានអំពាវនាវឱ្យមានការផ្លាស់ប្តូរជាចាំបាច់ក្នុងផ្នែកថាមពល ស្បៀងអាហារ ការដឹកជញ្ជូន និងលំនៅដ្ឋាន។

ការពង្រីកដ៏ធំនៃហេដ្ឋារចនាសម្ព័ន្ធ តម្រូវការថាមពល និងការប្រើប្រាស់របស់អ្នកប្រើប្រាស់នៅពាក់កណ្តាលសតវត្សចុងក្រោយនេះ ជាពិសេសនៅក្នុងបណ្តាប្រទេសអ្នកមាន បានជំរុញឱ្យមានការប្រើប្រាស់ធនធានធម្មជាតិរបស់ពិភពលោកកើនឡើងបីដង នេះបើយោងតាមទស្សនវិស័យធនធានសកលឆ្នាំ២០២៤ របស់ភ្នាក់ងារធនធានអន្តរជាតិរបស់កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ។

របាយការណ៍ដដែលបានបញ្ជាក់ថា ការស្រេកឃ្លានធនធានធម្មជាតិ គិតចាប់ពីអាហាររហូតដល់ឥន្ធនៈហ្វូស៊ីល បានបន្តកើនឡើងជាមធ្យមច្រើនជាង ២.៣ ភាគរយក្នុងមួយឆ្នាំ។ ប្រជាជនក្នុងប្រទេសអ្នកមាន បានជំរុញឱ្យមានតម្រូវការនោះភាគច្រើន ដោយប្រើប្រាស់សម្ភារៈច្រើនជាង៦ដង និងទទួលខុសត្រូវចំពោះផលប៉ះពាល់ការប្រែប្រួលអាកាសធាតុចំនួន១០ដង ច្រើនជាងប្រទេសដែលមានប្រាក់ចំណូលទាប នេះបើយោងតាមការវិភាគ។

បើតាមរបាយការណ៍ខាងលើ ការទាញយកធនធានរបស់ផែនដី មានច្រើនជាង ៦០ភាគរយ នៃការបំភាយកំដៅភពផែនដី ក៏ដូចជាការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។ បើមិនមានអ្វីប្រែប្រួលទេ របាយការណ៍នេះបានព្រមានថា ការកេងប្រវ័ញ្ចធនធានផែនដីនឹងបន្ត ពោលគឺកើនឡើងជិត ៦០ភាគរយនៅឆ្នាំ២០៦០ ធៀបនឹងឆ្នាំ២០២០ ចាប់ពី ១០០ ទៅ ១៦០ពាន់លានតោន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner