ហូឡង់ផ្តល់ជំនួយយោធា ២.២ពាន់លានដុល្លារដល់អ៊ុយក្រែនក្នុងឆ្នាំ២០២៤
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា អ៊ុយក្រែន និងហូឡង់ ទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរួមគ្នាមួយ ក្នុងថ្ងៃសុក្រនេះ ដោយទីក្រុងអាំស្ទែដាំនឹងផ្តល់ជំនួយយោធាចំនួនពីរពាន់លានអឺរ៉ូ ឬប្រហែល ២.២ពាន់លានដុល្លារដល់ទីក្រុងគៀវក្នុងឆ្នាំ២០២៤។
កិច្ចព្រមព្រៀងសន្តិសុខរវាងអ៊ុយក្រែន និងហូឡង់ កើតឡើងក្នុងអំឡុងជំនួបរវាងលោក Zelensky និងនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte នៅទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់ប្រទេសអ៊ុយក្រែន និងជាគោលដៅទទួលរងការវាយប្រហារញឹកញាប់ពីរុស្ស៊ី។
លោក Zelensky បានបង្ហោះសារនៅលើបណ្តាញសង្គមថា “ថ្ងៃនេះ លោកប្រធានាធិបតី Mark Rutte និងខ្ញុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីមួយរវាងអ៊ុយក្រែន និងហូឡង់។
លោកបន្ថែមថា តាមរយៈឯកសារនេះ ហូឡង់នឹងផ្តល់ជំនួយយោធាចំនួន២.២ពាន់លានដុល្លារដល់អ៊ុយក្រែនក្នុងឆ្នាំ២០២៤ ក៏ដូចជាជំនួយផ្នែកការពារជាតិបន្ថែមទៀតក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
អ៊ុយក្រែនបានប្រឈមមុខនឹងសម្ពាធខ្លាំងនៅលើសមរភូមិជួរមុខក្នុងរយៈពេល ៣ខែចុងក្រោយនេះ ហើយបានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច បញ្ជូនជំនួយយោធាបន្ថែមទៀត ខណៈដែលខ្លួនកំពុងតស៊ូជាមួយកង្វះគ្រាប់រំសេវ។
តួយ៉ាងកាលពីខែមុន អ៊ុយក្រែនព្រមានថា ខ្លួនបានទទួលតិចជាងមួយភាគបីនៃគ្រាប់កាំភ្លើងធំមួយលានគ្រាប់ប៉ុណ្ណោះ ដែលសហភាពអឺរ៉ុបបានសន្យាថា នឹងផ្តល់ឱ្យ។
ទាក់ទិននឹងបញ្ហានេះ អ៊ុយក្រែនបានដកកងកម្លាំងរបស់ខ្លួនចេញពីទីប្រជុំជនភាគខាងកើតទីក្រុង Avdiivka ក្នុងខែកុម្ភៈនេះ ចំពេលជួបការខ្វះខាតគ្រាប់រំសេវជាខ្លាំង ដែលធ្វើឱ្យរុស្ស៊ីទទួលបានទឹកដីដ៏សំខាន់ជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំក្នុងសង្គ្រាមនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា