សហរដ្ឋអាមេរិកបន្តវាយកម្ទេចមីស៊ីលក្រុមហ៊ូទីនៅយេម៉ែន

វ៉ាស៊ីនតោន៖ ទីបញ្ជាការកណ្តាលអាមេរិកនៅមជ្ឈិមបូព៌ាប្រកាសថា កងកម្លាំងអាមេរិកបានវាយប្រហារ និងបំផ្លាញមីស៊ីលបាញ់ចេញពីដីទៅអាកាសរបស់ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដោយចោទថា មីស៊ីលនេះនឹងបង្កការគំរាមកំហែងនាពេលឆាប់ៗ ដល់យន្តហោះអាមេរិក។

ទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ថា CENTCOM បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីរសៀលថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) កងកម្លាំងអាមេរិកបានវាយប្រហារស្វ័យការពារ ប្រឆាំងនឹងមីស៊ីលបាញ់ចេញពីដីទៅអាកាសរបស់ក្រុមហ៊ូទី ដែលត្រៀមបាញ់ ហើយថា មីស៊ីលនេះបានបង្ហាញពីការគំរាមកំហែងដល់យន្តហោះអាមេរិកក្នុងតំបន់ ដែលខិតជិតមកដល់។ ទីបញ្ជាការ CENTCOM បន្ថែមថា ក្រុមហ៊ូទី កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ បានបាញ់មីស៊ីលប្រឆាំងនាវាទៅកាន់តំបន់សមុទ្រក្រហម ប៉ុន្តែមិនមានផលប៉ះពាល់ ឬការខូចខាតដល់នាវាណាមួយឡើយ។

យោងតាមសេចក្តីថ្លែងការណ៍រួម បានឱ្យដឹងថា កាលពីចុងសប្តាហ៍មុន កងកម្លាំងអាមេរិក និងអង់គ្លេសក៏បានវាយប្រហារប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ូទីចំនួន១៨ នៅទូទាំងទីតាំងចំនួន៨ ក្នុងប្រទេសយេម៉ែនផងដែរ ក្នុងនោះរួមមានទីតាំងផ្ទុកអាវុធ, យន្តហោះដ្រូនប្រយុទ្ធ, ប្រព័ន្ធការពារដែនអាកាស, ប្រព័ន្ធរ៉ាដា និងឧទ្ធម្ភាគចក្រ។បើតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ក្រុមហ៊ូទី មនុស្សម្នាក់បានស្លាប់ និង៨នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារនេះ។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់ជាខ្នងបង្អែក ដែលគ្រប់គ្រងភាគច្រើននៃទឹកដីប្រទេសយេម៉ែន ដែលហែកហួរដោយសង្រ្គាម កំពុងវាយប្រហារលើនាវាដឹកជញ្ជូនទំនិញនានានៅសមុទ្រក្រហមចាប់តាំងពីខែវិច្ឆិកា នៅក្នុងយុទ្ធនាការដែលពួកគេនិយាយថា មានសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ចំពេលមានសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។

ជាការឆ្លើយតប សហរដ្ឋអាមេរិកកំពុងដឹកនាំក្រុមចម្រុះកងទ័ពជើងទឹក ការពារនាវានៅក្នុងផ្លូវទឹកដ៏សំខាន់ ហើយថែមទាំងបានវាយប្រហារតាមផ្លូវអាកាសទៅលើទឹកដីក្រុមហ៊ូទី ទាំងដោយខ្លួនឯង និងជាមួយអង់គ្លេស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner