សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកវិនិយោគ សូមមានការយោគយល់ និងកុំពង្រីកទីតាំងល្បែងផ្សងសំណាង

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែរ រស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង ១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអំពាវនាវដល់ អ្នកវិនិយោគ សូមមានការយោគយល់ សូមកុំពង្រីកទីតាំងល្បែងផ្សងសំណាង ខណៈកម្ពុជា រីកចម្រើនដូចពេលបច្ចុប្បន្ន មិនមែនពឹងផ្អែកលើល្បែងនោះទេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ល្បែង ខ្ញុំបានបញ្ជារឱ្យផ្អាកចេញបណ្ណ និងកំពុងឱ្យពិនិត្យមើល ត្រូវលុបអាជ្ញាប័ណ្ណចេញ ព្រោះវាមិនចំនេញនោះទេ គោលដៅរបស់យើង គឺត្រូវពង្រាយរោងចក្រ ពង្រាយការងារ បង្កើនចំណូលទៅដល់ប្រជាពលរដ្ឋ អត់មានត្រូវការពង្រាយទីតាំងល្បែង ទោះស្របច្បាប់ក៏ដោយស្អីនៅក្រោមផ្ទះ ទៅដល់ភូមិឃុំនោះទេ លុបចោលទៅ វាអត់ចំណេញទេ ។

សម្តេចធិបតី បានបន្តថា ល្បែងឥលូវ គឺមិនដូចមុននោះទេ ពីមុនអាចចាក់កន្ទុយលេខ ព្រឹក ល្ងាចអាចចាំអង្គុយអ៊ុតមើល តែឥលូវចាក់ ៣នាទីចេញម្តង ហើយតាមអនឡាញទៀត អត់បានធ្វើអីទាំងអស់ វាអាចធ្វើឱ្យមានជម្លោះក្នុងគ្រួសារ និងបញ្ហាផ្សេងៗទៀត យកល្អកុំឱ្យមានតែម្តងល្អជាង។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងពាក់ព័ន្ធជាមួយនឹងបញ្ហាល្បែងនេះថា សុំអ្នកវិនិយោគទាំងអស់ ខ្ញុំសុំយោគយល់ព្រោះល្បែងនេះ អត់ចំណេញប៉ុន្មានទេ ហើយវាបង្ករឡើងផលលំបាក ទោះបីជាស្របច្បាប់ក៏ដោយ យើងត្រូវដកចេញ ហើយបើខុសច្បាប់ ត្រូវបង្ក្រាបឱ្យបានដាច់ណាត់តែម្តង ហើយបើមានស្របច្បាប់កន្លែងណា ខ្ញុំបានឱ្យ អគ្គបណ្ឌិតសភាចារ្យ ដើម្បីពិនិត្យគោលនយោបាយឡើងវិញ ហើយចាប់ផ្តើមបិទបណ្តើរៗ និងពិនិត្យមើល ដើម្បីឈានដល់ការសម្រេចតែម្តង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យើងត្រូវការពង្រាយរោងចក្រ ត្រូវការពង្រាយអាជីវកម្ម ត្រូវការពង្រាយការងារដែលយកលុយចូលហោបៅប្រជាជន ហើយមិនគួរដាក់ល្បែងចូល ដើម្បីយកលុយពីប្រជាជនវិញនោះទេ វាបានធ្វើឱ្យលំបាក ហើយផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយវាមិនបានចំណេញតែម្តង ។

សម្តេច បានបញ្ជាក់ថា ប្រទេសកម្ពុជា ក្នុងរយៈពេល ២០ឆ្នាំមកនេះ អាចរីកចម្រើនលូតលាស់ក្លាយពីប្រទេសក្រីក្រ មកដល់ប្រទេសដែលមានជីវភាពមធ្យមកម្រិតទាបនេះបាន អត់មានត្រូវកាពឹងផ្អែកពីចំណូលល្បែងតាមក្រោមផ្ទះនោះទេ ហើយក៏នៅតែបន្តធ្វើបានតទៅទៀតផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner