សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការ ដោះស្រាយវិវាទ រកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការដោះស្រាយវិវាទ រកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីមានមូលដ្ឋានជូនពលរដ្ឋ អាចធ្វើការដោយសេចក្តីសុខ ។

ចំណុចទី៥ ការកែទម្រង់ និងពង្រីកវិស័យយុត្តិធម៌ ក្នុងនោះ យើងបានបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដើម្បីជួយ ព្រោះឥលូវប្រព័ន្ធតុលាការយើង កកស្ទះច្រើនណាស់។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដើម្បីបម្រើប្រជាពលរដ្ឋ និង ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ។

នេះគឺជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែរ រស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ។

សូមរំលឹកថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានជំរុញយ៉ាងខ្លាំង នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណា ជួយកាត់បន្ថយការកកស្ទះសំណុំរឿង នៅតុលាការ ដោះស្រាយវិវាទកាន់តែកៀកប្រជាពលរដ្ឋ និងធានាដល់ភាពសុខដុមរមនា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីផលប្រយោជន៍ នៃការបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ប្រជាពលរដ្ឋ ដោយជាបន្ថែមជម្រើសថ្មី ក្នុងការដោះស្រាយវិវាទផ្សេងៗ លើយន្តការដែលកំពុងមានស្រាប់។ សម្តេចបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចូលរួមជួយកាត់បន្ថយ នូវការកកស្ទះសំណុំរឿង ក្នុងប្រព័ន្ធតុលាការ ហើយការសម្រេចស្ថាពរ ក្នុងយន្តការដោះស្រាយវិវាទនេះ មានទម្ងន់ដូចគ្នា ទៅនឹងសាលក្រមស្ថាពររបស់តុលាការដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការដោះស្រាយរបស់អាជ្ញាធរដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ គឺដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្ម ក៏ដូចជាវិវាទដទៃទៀត ហើយមិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យប្រើប្រាស់សេវាថ្មីនេះនោះទេ ប្រជាពលរដ្ឋមានសិទ្ធិគ្រប់យ៉ាង ក្នុងការជ្រើសយន្តការផ្សេង ដើម្បីដោះស្រាយវិវាទ។

សម្តេចធិបតី បានបន្ថែមថា ផលប្រយោជន៍ដល់ប្រជាជន ក្នុងការបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដើម្បីបង្ខិតការដោះស្រាយវិវាទ ដែលមានភាពងាយស្រួល ឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់ ឱ្យកាន់តែជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជួយកាត់បន្ថយចំនាយពេលវេលា ក្នុងការដោះស្រាយ ដោយមិនទុកឱ្យទំនាស់រុំារ៉ៃ, ផ្តល់ឱ្យប្រជាពលរដ្ឋ នូវយន្តការសម្រុះសម្រួល ដោះស្រាយវិវាទមួយ ដែលអាចធានាបាននូវបរិយាកាស សន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គម ដោយដោះស្រាយយកយន្តការឈ្នះឈ្នះ ៕

ដោយ ៖ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner