សម្តេចធិបតី ហ៊ុន ម៉ាណែត បើកវេទិកា «រដ្ឋាភិបាលឌីជីថល»

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអង្គវេទិការការយកចិត្តទុកដាក់លើចំណុចជាគន្លឹះចំនួន៥ ដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដូច្នេះក្នុងពិធីបើក “វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤” នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មុំថ្មី១ “បច្ចេកវិទ្យា” ដែលជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បន្ថែមពីលើមុំទាំង៤ នៃយុទ្ធសាស្ត្រចតុកោណដែលមានស្រាប់ មាន “មនុស្ស ទឹក ផ្លូវ ភ្លើង” រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតក្របខណ្ឌគោលនយោបាយសង្គម សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយមួយ គឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨)។ យុទ្ធសាស្រ្តនេះមានគោលបំណងជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលត្រូវបានគេស្គាល់ថាជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានកំណត់យកអាទិភាពគន្លឹះ សំខាន់ៗចំនួន៥ ដោយរួមបញ្ចូល បច្ចេកវិទ្យាឌីជីថល ជាអាទិភាពថ្មីមួយទៀតបន្ថែមលើ មនុស្ស ផ្លូវ ទឹក និងភ្លើង។ អាទិភាពផ្នែកបច្ចេកវិទ្យាផ្តោតជាចម្បងលើការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដើម្បីភ្ជាប់ទំនាក់ទំនងគ្នា ជាមួយសសរស្តម្ភផ្សេងទៀតនៃយុទ្ធសាស្ត្រ ។

នៅឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យអង្គវេទិការការយកចិត្តទុកដាក់លើចំណុចជាគន្លឹះចំនួន៥ ដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា ក្នុងនោះមានដូចខាងក្រោម៖

ទី១. ការឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Generative AI) ដែល, ម៉្យាងនាំឱ្យមានការជំរុញ នវានុវត្តន៍ និងបង្កើនផលិតភាព និងម៉្យាងទៀត នាំឱ្យមានកំណើននៃរំហូរទិន្នន័យឯកជនប្រជាពលរដ្ឋ និងការប្រើប្រាស់ ទិន្នន័យទាំងនោះឆ្លងកាត់ព្រំដែន ដែលបង្កជាការព្រួយបារម្ភ ដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាពរបស់ប្រជាពលរដ្ឋ និង ការគំរាមកំហែងសន្តិសុខសាយប័រ ជាដើម ។

ទី២. ការសម្រួចបន្ថែមលើវិធានការគោលនយោបាយពាក់ព័ន្ធ និងការអនុវត្តកម្មវិធីបរិវត្តកម្មរដ្ឋាភិបាល ឌីជីថល ដោយប្រើប្រាស់អភិក្រម «រដ្ឋាភិបាលទាំងមូល» (Open Whole-of-Government Approach) និងការបើកចំហសម្រាប់ការចូលរួមពីគ្រប់តួអង្គ ។

ទី៣. ការធ្វើសុខដុមនីយកម្មលើគោលនយោបាយ, បទប្បញ្ញត្តិ, ស្តង់ដារវាងប្រទេសក្នុងតំបន់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថលក៏ដូចជា ការពង្រឹងនូវការចែករំលែកចំណេះដឹងនិងបទពិសោធន៍។

ទី៤. ការកំណត់ចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្រ្តជំរុញសន្ទុះនៃការ បង្កើនសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល របស់ប្រជាពលរដ្ឋ ។

ទី៥. ការពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខសាយប័រ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាជាអាទិ៍ការឆបោកតាមប្រព័ន្ធអនឡាញ (Online scam) និង ព័ត៌មានក្លែងក្លាយ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner