សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យផ្តោតការយកចិត្តទុកដាក់ ចំពោះការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា AI ដែលកំពុងរីកស្គុសស្គាយ និងមានការពេញនិយមជាខ្លាំង

ភ្នំពេញ៖ ក្នុងពិធីបើក “វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤” នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់ ចំពោះការឆ្លើយតប និងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត AI ។ ការស្នើរបស់ប្រមុខ រាជរដ្ឋាភិបាលនេះ ដោយសារសម័យបច្ចុប្បន្ននេះ បច្ចេកវិទ្យា AI កំពុងរីកស្គុសស្គាយ និងមានការពេញនិយមជាខ្លាំង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ដើម្បីជាធាតុចូលដល់កិច្ចពិភាក្សា ខ្ញុំសូមស្នើឲ្យអង្គវេទិកា ផ្តោតការយកចិត្តទុកដាក់ ទៅលើចំណុចជាគន្លឹះ ដូចខាងក្រោម ទី១ ការឆ្លើយតបនិងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលម្យ៉ាងនាំឲ្យមានការជំរុញនវានុវត្តន៍ និងបង្កើនផលិតភាព និងម្យ៉ាងទៀត នាំឲ្យមានកំណើន នៃលំហូរទិន្នន័យឯកជនប្រជាពលរដ្ឋ និងការប្រើប្រាស់ទិន្នន័យទាំងនោះ ឆ្លងកាត់ព្រំដែន ដែលបង្កជាការព្រួយបារម្ភ ដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាព របស់ប្រជាពលរដ្ឋ និងការគំរាមកំហែងសន្តិសុខ Cyber ជាតិ ជាដើម” ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានស្នើឲ្យមានការគិតគូលើការសម្រួលបន្ថែម លើវិធានការគោលនយោបាយពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីបរិវត្តកម្មរដ្ឋបាលឌីជីថល ។ ការឲ្យគិតគូពីសំណាក់សម្តេចនេះ ដោយប្រើប្រាស់អភិក្រមរដ្ឋបាលទាំងមូល និងការបើកចំហរសម្រាប់ការចូលរួមពីគ្រប់តួរអង្គ ការធ្វើសុខដុមនីយកម្ម និងគោលនយោបាយបទបញ្ញត្តិ ស្តង់ដាររវាងប្រទេសក្នុងតំបន់ ដើម្បីជួយសម្រួលនៅក្នុងការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថល ។

ក្នុងនោះដូចជាការពង្រីក និងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ការកំណត់ចលករគន្លឹះ ជំរុញការកសាងមូលធន មនុស្សឌីជីថល និងវិធីសាស្ត្រជំរុញសន្ទុះ នៃការបង្កើតសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល របស់ប្រជាពលរដ្ឋ និងការពង្រឹងយន្តការកំណត់ ដើម្បីឆ្លើយតបបញ្ហាសន្តិសុខ Cyber និងបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យាជាអាទិ៍ ការឆបោកតាមប្រព័ន្ធអនឡាញ ដូចជាអនឡាញ Scam និងព័ត៌មានក្លែងក្លាយផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner