បណ្ឌិត ម៉ៅ ហាវណ្ណាល់៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ គ្រោងនឹងបើកឲ្យដំណើរការនៅដើមឆ្នាំ២០២៥

ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា “ផ្អែកតាមផែនការ និងទំហំការងារដែលសម្រេចបានត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ គ្រោងនឹងបើកឲ្យដំណើរការ នៅឆមាសទីឆ ឆ្នាំ២០២៥ ខាងមុខនេះ”។

ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា ដើម្បីឈានទៅសម្រេចបានតាមកាលបរិច្ឆេទដែលបានគ្រោងទុក នាឆមាសទីមួយ ឆ្នាំ២០២៥ , រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានបង្កើត គណៈកម្មការបច្ចេកទេសមួយជាសេនាធិការ ដើម្បីដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការរៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ដែលបច្ចុប្បន្នគណៈកម្មការនេះ បាននឹងកំពុងបំពេញការងារយ៉ាងសកម្មរបស់ខ្លួនដោយបានសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ុនវេសមិន ខូលអិលធីឌី និងក្រុមហ៊ុន Cambodia Air Traffic Services ក្នុងការរៀបចំបំពេញបែបបទតាមលក្ខខណ្ឌតម្រូវ នៃការធ្វើវិញ្ញាបនបត្រអាកាស យានដ្ឋាន (Aerodrome Certification) ដោយអនុលោមតាមគោលការណ៍នៃច្បាប់ បទប្បញ្ញត្តិ បច្ចេកទេសនិងនីតិវិធីជាធរមាន ។

ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្តថា គិតត្រឹម ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១% និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លានដុល្លារអាមេរិក ។

ព្រលានយន្តហោះខ្នាតអន្តរជាតិភ្នំពេញថ្មីនេះ បាននិងកំពុងពង្រីកការតភ្ជាប់ផ្លូវអាកាស កម្ពុជា ទៅកាន់ពិភពលោកកាន់តែឆ្ងាយថែមទៀត ពិសេសព្រលាននេះ មានសមត្ថភាព ទទួលអ្នកដំណើរដំណាក់កាលទីមួយ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ១៣ លាន នាក់ ក្នុង មួយឆ្នាំ, បាន៣០លាននាក់ នៅឆ្នាំ២០៣០ និងទទួលអ្នកដំណើរបាន ៥០លាននាក់នៅ ឆ្នាំ២០៥០ខាងមុខ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner