លោក បៃដិន បញ្ចេញកញ្ចប់ជំនួយយោធាបន្ទាន់ទំហំ ៣០០លានដុល្លារសម្រាប់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងថ្ងៃអង្គារ បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាបន្ទាន់ចំនួន ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន បើទោះបីជាសភាអាមេរិកនៅតែបិទខ្ទប់ការផ្តល់ជំនួយ ៦០ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវក៏ដោយ។

លោក បៃដិន និយាយថា ការដឹកជញ្ជូនមីស៊ីល គ្រាប់កាំភ្លើងផ្លោង និងគ្រាប់រំសេវសម្រាប់ទីក្រុងគៀវ នៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារតែវានឹងអស់ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ហើយអ៊ុយក្រែននឹងរងការវាយប្រហារពីកងកម្លាំងឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ លោក បៃឌិន មានវ័យ៨១ឆ្នាំ បាននិយាយនៅពេលគាត់ជួបប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ នៅសេតវិមានថា យើងត្រូវធ្វើសកម្មភាព មុនពេលវាយឺតពេល។

ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីនឹងមិនបញ្ឈប់នៅត្រឹមអ៊ុយក្រែនទេ… លោក ពូទីន នឹងបន្តទៅមុខ ដោយធ្វើឱ្យអឺរ៉ុប សហរដ្ឋអាមេរិក និងពិភពលោកសេរីទាំងមូលប្រឈមនឹងហានិភ័យ
បើតាមការបញ្ជាក់របស់លោក បៃដិន ជំនួយយោធាបន្ទាន់នាពេលនេះ យកចេញពីកញ្ចប់ថវិកាសន្សំទុករបស់មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក។

ហើយបើតាមមន្ទីរបញ្ចកោណ កញ្ចប់ជំនួយយោធាបន្ទាន់របស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន នឹងរួមបញ្ចូលប្រព័ន្ធមីស៊ីល HIMARS, អាវុធប្រឆាំងយន្ដហោះចម្បាំង និងប្រឆាំងរថក្រោះ ព្រមទាំងគ្រាប់កំាភ្លើងធំ និងគ្រាប់កាំភ្លើង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner