រុស្ស៊ីបោះឆ្នោតប្រធានាធិបតី បីថ្ងៃ
ប្រទេសរុស្ស៊ីគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ចាប់ពីថ្ងៃសុក្រ សប្តាហ៍នេះ រហូតដល់ថ្ងៃអាទិត្យ ក៏ប៉ុន្តែ គ្មានបក្សប្រឆាំងពិតប្រាកដចូលរួមទេ។
លោក ប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវបានគេជឿជាក់ថា នឹងឈ្នះការបោះឆ្នោតនេះ បន្តដឹកនាំប្រទេស មួយអាណត្តិ រយៈពេល៦ឆ្នាំទៀត បើទោះបីជាខ្លួនកំពុងធ្វើសង្គ្រាម ជាមួយអ៊ុយក្រែន ក៏ដោយ។ បន្តឈ្នះ ព្រោះគ្មានគូប្រជែងពិត។ គណបក្សប្រឆាំងក៏មានមួយចំនួនដែរ ប៉ុន្តែ ភាគច្រើន គាំទ្រការលុកលុយរបស់រុស្ស៊ី នៅអ៊ុយក្រែន។
ចំណែកអតីតមេដឹកនាំបក្សប្រឆាំងដ៏សំខាន់ គឺលោក Alexei Navalny ទើបបានស្លាប់ក្នុងពន្ធនាគារ។ អ្នកសង្កេតការណ៍ឯករាជ្យនិយាយថា អាជ្ញាធររុស្ស៊ីមានមធ្យោបាយ ក្នុងការចាត់ចែងលទ្ធផលបោះឆ្នោត រួមទាំងការលួចបន្លំសន្លឹកឆ្នោត និងការប្រើប្រាស់បុគ្គលិករដ្ឋ រាប់លាននាក់។
លោក ពូទីន បានបង្កើនការបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបានជួបជាមួយនិស្សិត និង ទស្សនារោងចក្រ។ លោកបានសន្យាផ្តល់ប្រាក់រាប់ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធ ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការពារបរិស្ថាន និងជំរុញបច្ចេកវិទ្យា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត