អ៊ីតាលីបោះទុនថ្មី ជាង១ពាន់លានដុល្លារ លើបញ្ញាសិប្បនិម្មិត
នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី លោកស្រី Giorgia Meloni ទើបបានប្រកាសអំពីមូលនិធិវិនិយោគជាង១ពាន់លានដុល្លារ ដើម្បីលើកកម្ពស់គម្រោងបញ្ញាសិប្បនិម្មិត ឬ AI។
លោកស្រីបាននិយាយបែបនេះ នៅក្នុងព្រឹត្តិការណ៍មួយ នៅឯទីក្រុងរ៉ូម ស្របពេលអ៊ីតាលីកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីបច្ចេកវិទ្យានៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំងប្រាំពីរ ហៅកាត់ G7 ហើយគេបានដឹងថា AI នឹងក្លាយជារបៀបវារៈកំពូល។
លោកស្រី Meloni ក៏បានអំពាវនាវឱ្យមាន «ច្បាប់ក្រមសីលធម៌» ដើម្បីគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យានេះផងដែរ ដោយបញ្ជាក់ថា អ៊ីតាលីក៏កំពុងធ្វើការលើច្បាប់របស់ខ្លួន បំពេញបន្ថែមទៅនឹងច្បាប់ពិភពលោក ក៏ដូចជា នៅ EU។ លោកស្រីបញ្ជាក់ថា AI គឺជាបច្ចេកវិទ្យាអាចបញ្ចេញសក្តានុពលវិជ្ជមានទាំងអស់បាន លុះត្រាតែការអភិវឌ្ឍន៍របស់វា ស្ថិតក្នុងរង្វង់នៃច្បាប់ក្រមសីលធម៌ ទាក់ទងនឹងសិទ្ធិ និងតម្រូវការ របស់មនុស្ស ជាដើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត