សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការធ្វើឱ្យមនុស្សឈប់ទុកចិត្តប្រព័ន្ធសុខាភិបាល និងឈប់ទុកចិត្តពេទ្យជារឿងដ៏គ្រោះថ្នាក់ ដែលនាំឱ្យខូចដល់ប្រយោជន៍រួមរបស់ ប្រទេសជាតិ

កណ្ដាល៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការធ្វើឱ្យមនុស្សឈប់ទុកចិត្តប្រព័ន្ធសុខាភិបាល និងឈប់ទុកចិត្តពេទ្យជារឿងដ៏គ្រោះថ្នាក់ ដែលនាំឱ្យខូចដល់ប្រយោជន៍រួមរបស់ប្រទេសជាតិ ។

ជាមួយគ្នានេះ សម្តេចធិបតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តទុកចិត្តលើគ្រូពេទ្យខ្មែររបស់យើង ពិតណាស់គ្រូពេទ្យធ្វើជំនាញទេវតា មិនមែនទេវតាទេ មិនអាចព្យាបាលគ្រប់ជំងឺទាំងអស់ទេ ដូច្នេះហើយទើបជំងឺធ្ងន់ៗមួយចំនួន ត្រូវការពិនិត្យបញ្ជាក់នៅមន្ទីរពេទ្យពីរ ឬ៣កន្លែង ដើម្បីបញ្ជាក់ពីស្ថានភាពជំងឺឱ្យបានច្បាស់។

សម្តេចបានលើកឧទាហរណ៍ជាក់ស្តែងមួយ ករណីគ្រូពេទ្យម្នាក់នៃសមាជិកពេទ្យ TYDA ដែលពិនិត្យនៅកម្ពុជា ឃើញថា មានជំងឺមហារីក ពិនិត្យនៅប្រទេសថៃថា មានជំងឺមហារីក ទៅមើលនៅប្រទេសបារាំង ក៏ថា មានជំងឺមហារីក ប៉ុន្តែដល់ពេលទៅពិនិត្យនៅតៃវ៉ាន់ គ្រូពេទ្យថា អត់មានមហារីកទេ បន្ទាប់ពីទទួលបានការព្យាបាល ស្រាប់តែទៅពិនិត្យនៅបារាំងម្តងទៀត បញ្ជាក់ថាគ្មានមហារីកនោះទេ ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កុំឱ្យឃើញករណីជំងឺខ្លះ ដែលមិនបានល្អគ្រប់ស្តង់ដារនៅកន្លែងមួយ មិនថាពេទ្យរដ្ឋ ឬឯកជន វាយអួ ហើយធ្វើឱ្យមនុស្សឈប់ទុកចិត្តប្រព័ន្ធសុខាភិបាល ឈប់ទុកចិត្តពេទ្យរបស់យើង គឺកុំឱ្យសោះ ព្រោះនេះជាការវាយតម្លៃខុសនាំឱ្យខាតប្រយោជន៍ ព្រោះដូចខ្ញុំនិយាយអីចឹងពេទ្យយើងទូទាំងប្រទេស បានព្យាបាលប្រជាពលរដ្ឋរាប់សិបលាននាក់ រាប់ឆ្នាំមកនេះឱ្យជាសះស្បើយ រួមទាំងពេលកូវីដ១៩ សូមទុកចិត្តលើការអភិវឌ្ឍន៍ និងសមត្ថភាពពេទ្យរបស់យើង ហើយខ្ញុំសុំឱ្យពេទ្យរបស់យើងដែលជាសេនារបស់ទេវតា បន្តខិតខំយកចិត្តទុកដាក់ ទៅលើនៅការពង្រឹងនូវក្រមសីលធម៌ ពង្រីងនូវអាជីព និងជំនាញ និងការទទួលខុសត្រូវ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រជាពលរដ្ឋចង់បានតែសុខភាពល្អ អាយុយឺនយូរ ដែលយើងត្រូវដោះស្រាយភារកិច្ចតែពីរនេះបាន វិស័យសុខាភិបាលរបស់កម្ពុជា គឺជោគជ័យហើយ។ សម្តេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ខិតខំថែទាំសុខភាព ទោះបីមានមន្ទីរពេទ្យល្អ មានបណ្ណបេឡាជាតិរបបសន្តិសុខសង្គមក្តី តែកុំចង់ចូលពេទ្យធ្វើអ្វី ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner