កុមារជិត២៣ម៉ឺននាក់ប្រឈមបាត់បង់ជីវិតដោយសារភាពស្រែកឃ្លាននៅស៊ូដង់
ខាទុំ៖ អង្គការ Save the Children ក្នុងថ្ងៃពុធនេះ ព្រមានថា ប្រសិនបើគ្មានវិធានការណ៍បន្ទាន់ទេ កុមារជិត ២៣០,០០០នាក់ និងអ្នកម្តាយថ្មីថ្មោងនៅស៊ូដង់ ជាប្រទេសរងការបំផ្លិចបំផ្លាញដោយសង្រ្គាម ប្រហែលជាអាចស្លាប់ដោយសារភាពអត់ឃ្លាន។
អង្គការសហប្រជាជាតិនិយាយថា រយៈពេលជិត ១១ខែនៃការប្រយុទ្ធគ្នារវាងកងកម្លាំងរបស់មេទ័ពស៊ូដង់ លោក Abdel Fattah al-Burhan និង មេបញ្ជាការកងកម្លាំងគាំទ្ររហ័ស (RSF) លោក Mohamed Hamdan Daglo បានសម្លាប់មនុស្សរាប់ពាន់នាក់ ហើយមនុស្សជាង ៨លាននាផ្សេងក់ទៀតបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
ការទម្លាក់គ្រាប់បែក និងការបំផ្លិចបំផ្លាញវាលស្រែ ក៏ដូចជារោងចក្រជាច្រើន បានធ្វើឱ្យប្រទេសស៊ូដង់ធ្លាក់ចូលទៅក្នុង “ស្ថានភាពអាហារូបត្ថម្ភដ៏អាក្រក់បំផុត” មួយនៅលើពិភពលោក នេះបើតាមការអះអាងរបស់លោក Arif Noor នាយកប្រចាំប្រទេសនៃអង្គការ Save the Children នៅស៊ូដង់។
អង្គការក្រៅរដ្ឋាភិបាលរបស់អង់គ្លេសមួយនេះនិយាយថា កុមារ ស្ត្រីមានផ្ទៃពោះ និងអ្នកម្តាយថ្មីថ្មោងជិត ២៣០,០០០នាក់ អាចនឹងបាត់បង់ជីវិតក្នុងពេលប៉ុន្មានខែខាងមុខនេះ។ អង្គការសប្បុរសធម៌ដដែលបន្ថែមថា កុមារជាង ២.៩លាននាក់នៅស៊ូដង់ កំពុងជួបបញ្ហាកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ ហើយកុមារចំនួន ៧២៩,០០០នាក់ផ្សេងទៀត ដែលមានអាយុក្រោម ៥ឆ្នាំកំពុងប្រឈមមុខនឹងគ្រោះថ្នាក់បំផុតនៃភាពអត់ឃ្លានខ្លាំង។
ទន្ទឹមគ្នា កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ក៏បានបន្លឺសំឡេងប្រកាសអាសន្ននៅក្នុងប្រទេសស៊ូដង់ក្នុងខែនេះ ដោយព្រមានថា សង្រ្គាមបានប្រថុយនឹងការបង្កជាវិបត្តិអត់ឃ្លានដ៏ធំបំផុតរបស់ពិភពលោក។
អង្គការសហប្រជាជាតិនិយាយថា ជាងពាក់កណ្តាលនៃប្រជាជនស៊ូដង់ទាំងអស់ រួមទាំងកុមារ ១៤លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌ដើម្បីរស់រានមានជីវិត។
ចំណែកសហរដ្ឋអាមេរិកបានចោទប្រកាន់ភាគីក្នុងជម្លោះទាំងពីរ ពីបទឧក្រិដ្ឋកម្មសង្គ្រាម ហើយបានចោទប្រកាន់កងកម្លាំង RSF ថា បានអនុវត្តការបោសសម្អាតជនជាតិភាគតិច និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា