មន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ ប្រមាណ ៣៥០នាក់ចូលរួមសិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ»
ភ្នំពេញ៖ សិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ» ត្រូវបានបើកធ្វើនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានកការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ មកពីបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុបប្រមាណ៣៥០នាក់។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងកោតសរសើរ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណៈមតិ (គ.ស.ព.ស.)និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្ដួចផ្ដើមគំនិតសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមរួមរបស់ពិភពលោក ដែលទាមទារឱ្យក្រុមការងារទាំងកំរិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងឆ្លើយតបឱ្យបានលឿនរហ័ស ដើម្បីបន្សាបឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយទាំងនោះ។
ឯកឧត្តម វង្សី វិស្សុត បានបន្តថា ប្រមុខដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវត្តថ្មីៗនៃបច្ចេកវិទ្យា ជាពិសេសព័ត៌មានក្លែងក្លាយដែលចូលមកបំពុលសង្គមនិងធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ។
ឯកឧត្តម ស្វាយ ស៊ីថា បានគូសបញ្ចាក់ថា គោលបំណងសំខាន់បំផុតនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីក្រើនរំលឹកដាស់តឿនដល់គ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តទាំងអស់ឱ្យងាកមកផ្តោតការចាប់អារម្មណ៍លើការវិវត្តថ្មីនៃបច្ចេកវិទ្យា AI ក៏ដូចជាត្រូវយកចិត្តទុកដាក់តាមដានឱ្យបានជាប់ជាប្រចាំចំពោះការប្រើប្រាស់នូវបច្ចេកវិទ្យា AI ពីសំណាក់ក្រុមជនទុច្ចរិតមួយចំនួនដើម្បីបង្កើតជាព័ត៌មានក្លែងក្លាយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលានេះនឹងជួយពង្រឹងស្មារតី និងលើកកម្ពស់ការយកចិត្តទុកដាក់និងការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀតរបស់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីថែរក្សាស្ថិរភាពនយោបាយ និងសង្គម ជាពិសេសគឺសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់តាំងពីចុងឆ្នាំ ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតគឺ តេជោសែន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការគ្រប់គ្រងព័ត៌មាន មានសារៈសំខាន់នៅគ្រប់យុគ្គសម័យទាំងអស់ហើយកាន់តែសំខាន់ក្នុងយុគ្គសម័យបរិវត្តកម្មឌីជីថល។ ផលវិបាកនៃព័ត៌មានក្លែងក្លាយ គឺអាចបង្កចលាចល អាចឱ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា និងថវិកា ការបង្ខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់ដល់ឯកជនភាព បង្កឱ្យមានការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិជាដើម ។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយបានយើងត្រូវតាមដាន វិភាគ វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេលវេលា តាមបែបបុរេសកម្ម ប្រើប្រាស់សំឡេងតែមួយ រួមគ្នាឆ្លើយតបជាប្រព័ន្ធតួអង្គតែមួយ ព្រមទាំងបន្តអភិវឌ្ឍចំណេះដឹងពីបច្ចេកវិទ្យាទំនើប និងជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។
សិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញដោយឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ស.ព.ស ផងដែរ អំពីការពង្រឹងកិច្ចសហការប្រតិបត្តិការក្នុងចំណោមអ្នកនាំពាក្យដើម្បីប្រសិទ្ធភាពការងារ ដោយត្រូវរួមកម្លាំងគ្នាជាធុងមួយក្នុងការបំពេញភារកិច្ច ឆ្លើយតប បន្សាបព័ត៌មានអវិជ្ជមាន និងបង្ហាញជូនវិញនូវព័ត៌មានពិត ត្រឹមត្រូវ ដើម្បីការពាររាជរដ្ឋាភិបាល ក្រសួង ស្ថាប័នរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងប្រកបដោយទំនួលខុសត្រូវខ្ពស់ ៕
ប្រភព ៖ ស្តីការគណៈរដ្ឋមន្ត្រី