លោក Trump និង Biden មានប្រតិភូគ្រប់គ្រាន់ សម្រាប់ការតែងតាំង ជាបេក្ខភាពបោះឆ្នោត
វ៉ាស៊ីងតោនឌីស៊ី៖ លោក ប្រធានាធិបតីអាមេរិក Joe Biden និងគូប្រជែងដ៏ស្វិតស្វាញ គឺលោក Donald Trump បានឈ្នះតំណាងគ្រប់គ្រាន់ ឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក នាឆ្នាំ២០២៤នេះ។
អំឡុងការបោះឆ្នោតបឋម រាប់ខែមកនេះ ជាពិសេស ក្រោយបញ្ចប់ព្រឹត្តិការណ៍ Super Tuesday កាលពីថ្ងៃអង្គារ ពួកលោកទទួលបានប្រតិភូគ្រប់គ្រាន់ សម្រាប់ការធ្វើជាបេក្ខភាពតំណាងគណបក្សរបស់ខ្លួន ឆ្ពោះទៅរកការបោះឆ្នោតអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកា។
ការបោះឆ្នោតបឋម សំដៅលើការបោះឆ្នោតក្នុងបក្ស ដើម្បីឲ្យពួកគេលោកបានសម្លេងគ្រប់គ្រាន់ ឬ ការទទួលបានប្រតិភូ នៅតាមរដ្ឋគ្រប់គ្រាន់ មុននឹងក្លាយជាបេក្ខភាពផ្លូវការ។ រដ្ឋនីមួយៗ មានចំនួនប្រតិភូ ស្មើនឹងចំនួនសមាជិកសភាអាមេរិកទាំងពីរ។ ប្រតិភូជាច្រើន មានក្នុងព្រឹត្តិការណ៍ Super Tuesday ក្នុងនោះ រដ្ឋចំនួន ១៥ និងដែនដីមួយ។
លោក Biden ស្ថិតក្នុងដំណើរកៀកខ្លាំង ដើម្បីទទួលបានការតែងតាំង ពីគណបក្សប្រជាធិបតេយ្យ។ ចំណែកឯ លោក Trump វិញ ក៏មិនឆ្ងាយប៉ុន្មានដែរ ត្បិតអី លោកទទួលបានប្រតិភូច្រើន ហើយបេក្ខភាពសំខាន់ៗ ផ្សេងទៀត ក្នុងបក្សសាធារណរដ្ឋ ដូចជា លោកស្រី Nikki Haley បានដកខ្លួនហើយ។ យ៉ាងណាមិញ មិនទាន់មានការតែងតាំងជាផ្លូវការ សម្រាប់ពួកលោក នៅឡើយទេ។
លោក បៃឌិន វ័យ៨១ ឆ្នាំត្រូវបានគេបារម្ភពីកត្តាអាយុ និងការភ្លេចភ្លាំងច្រើន របស់លោក។ រីឯលោក ត្រាំ វ័យ ៧៧ឆ្នាំ ជាបេក្ខជនដែលសម្បូររឿងអាស្រូវ កាត់ទោស នៅតុលាការ។ យ៉ាងណាមិញ ពួកលោកបានខិតខំលើយកបញ្ហាធំៗ មកប្រជែងវោហាសព្ទ ដូចជា ករណីជំនួយអាមេរិកសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល, បញ្ហាអន្តោប្រវេសន៍ចូលទៅអាមេរិក ជាដើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត