Xiaomi ត្រៀមចេញលក់រថយន្តអគ្គិសនីលើកដំបូង នៅចុងខែមីនានេះ

ប៉េកាំង៖ ក្រុមហ៊ុនអេឡិចត្រូនិចយក្សចិន Xiaomi
នឹងចាប់ផ្តើមចែកចាយរថយន្តអគ្គិសនីរបស់ខ្លួនលើកដំបូង នៅចុងខែមីនាខាងមុខ ដែលនេះជាការបោះជំហានប្រឡូកក្នុងឧស្សាហកម្មរថយន្ត ដែលកំពុងមានការប្រកួតប្រជែងខ្លាំង។

លោក Lei Jun ស្ថានិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានបង្ហោះសារនៅលើបណ្តាញសង្គមចិន Weipo ថា Xiaomi នឹងចេញលក់រថយន្តអគ្គិសនីម៉ូដែល SU7 ជាផ្លូវការ នៅថ្ងៃទី២៨ ខែមីនាខាងមុខ។ រថយន្តអគ្គិសនី Speed Ultra 7 ឬ SU7 នឹងត្រូវផលិតដោយក្រុមហ៊ុនរថយន្តយក្សចិន BAIC Group។

រីឯអាគុយរបស់វា ដែលអាចបើកបរបានចម្ងាយរហូតដល់ ៨០០គីឡូម៉ែត្រ ផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន BYD និងក្រុមហ៊ុនផលិតអាគុយយក្សក្នុងស្រុក CATL។ លោក Lei បានអះអាងថា SU7 បង្កើតឡើងជាមួយនឹងការបំពាក់បច្ចេកវិទ្យាទំនើប «Super Electric Motor» ដែលមានសមត្ថភាពបង្កើនល្បឿនលឿនជាងរថយន្ត Tesla និង Porsche របស់អាល្លឺម៉ង់ លើម៉ូដែលមួយចំនួន។

កាលពីខែធ្នូឆ្នាំមុន លោក Lei ក៏ធ្លាប់បានប្រកាសផងដែរថា គោលដៅរបស់ក្រុមហ៊ុន Xiaomi គឺក្លាយជាក្រុមហ៊ុនផលិតរថយន្តមួយ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំង៥ នៅលើពិភពលោក ដោយប្រើរយៈពេលប្រឹងប្រែងសម្រេចគោលដៅ ពី១៥ទៅ២០ឆ្នាំ។

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗជាច្រើននៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក បានបោះទុនរាប់ពាន់លានដុល្លារក្នុងពេលថ្មីៗនេះ ទៅក្នុងវិស័យរថយន្តអគ្គិសនី (EV) ខណៈដែលក្រុមហ៊ុនបរទេសក៏កំពុងព្យាយាមវាយលុកចូលទីផ្សារប្រទេសចិនផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

Xiaomi announces release date for first EV, shares surge

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner