រ៉ុក្កែតផ្ទុកផ្កាយរណបនៅជប៉ុនបានផ្ទុះ ពេលបាញ់បង្ហោះ

កាលពីថ្ងៃពុធ គ្រាប់រ៉ុក្កែតផលិតដោយក្រុមហ៊ុនជប៉ុនបានផ្ទុះ ក្រោយការបាញ់បង្ហោះ។ ទូរទស្សន៍រដ្ឋ NHK បានបង្ហាញវីដេអូនៃការបរាជ័យដ៏គ្រោះថ្នាក់នេះ។

ក្រុមហ៊ុន Space One ដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូ មានគោលបំណងប្រែក្លាយខ្លួន ជាក្រុមហ៊ុនឯកជនជប៉ុនដំបូងគេ ដែលទទួលជោគជ័យ ក្នុងការដាក់ផ្កាយរណប ទៅកាន់គន្លងតារាវិថី។

រ៉ុក្កែត Kairos ដែលប្រើឥន្ធនៈរឹង ប្រវែង ១៨ម៉ែត្រ ត្រូវបានបាញ់ចេញពីទីស្ថានីយរបស់ក្រុមហ៊ុន នៅក្នុងខេត្ត Wakayama ភាគខាងលិច ប្រទេសជប៉ុន ដោយបានដឹកផ្កាយរណបសាកល្បងតូចមួយ របស់រដ្ឋាភិបាល។ ប៉ុន្តែ នៅត្រឹមប៉ុន្មានវិនាទីក្រោយការបាញ់បង្ហោះ គ្រាប់រ៉ុក្កែតមួយគ្រឿងនេះបានផ្ទុះ ឡើងជាអណ្តាតភ្លើង ដោយមានផ្សែងខ្មៅ ពាសពេញតំបន់បាញ់បង្ហោះ។ កំទេចកំទីដែលឆេះបានធ្លាក់មកលើជម្រាលភ្នំស្ថិតនៅជុំវិញនោះ ខណៈដែលអាជ្ញាធរបានប្រើឧបករណ៍បាញ់ទឹកពន្លត់។

ក្រុមហ៊ុន Space One បាននិយាយ «ព័ត៌មានលម្អិត ទាក់ទងមូលហេតុនៃការផ្ទុះនេះ កំពុងត្រូវបានស៊ើបអង្កេត បន្ថែមទៀត» ។

បរាជ័យនេះបានបង្ហាញពីការខកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការចូលទៅក្នុងទីផ្សារបាញ់បង្ហោះផ្កាយរណប ដែលអាចរកប្រាក់ចំណេញបានច្រើន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner