សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនបាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ
ភ្នំពេញ៖ “យុវជនបាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងមាំសម្រាប់ជំនាន់ក្រោយទៀត”។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៤។ សម្តេចធិបតីបានបន្តថា វេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ សមាជិក និង សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យនូវសមិទ្ធផល ចំណុចខ្វះខាត និងបញ្ហាប្រឈម ក្នុងការអនុវត្តការងារកន្លងមក ព្រមទាំងពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងឧត្តមានុវត្ត ដែលជាធាតុចូល សម្រាប់លើកទិសដៅអនុវត្តការងារនៅឆ្នាំបន្ទាប់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកនឹកដល់គុណូបការៈប្រកបដោយក្តីកតញ្ញូដ៏ជ្រាលជ្រៅបំផុតជូនចំពោះអតីតយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តតស៊ូលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ដោយបានចាប់ផ្តើមចលនាតស៊ូរំដោះជាតិ ដើម្បីសង្រ្គោះប្រទេសកម្ពុជាឱ្យផុតពីជ្រោះមរណៈ ហើយបានបន្តការពារ ស្តារ និងអភិវឌ្ឍប្រទេស រហូតមកដល់ពេលបច្ចុប្បន្ន។ សម្តេចធិបតី បានធ្វើការចង្អុលបង្ហាញថា យុវជនបាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងមាំសម្រាប់ជំនាន់ក្រោយទៀត។ ក្នុងន័យនេះ ស.ស.យ.ក. មានភារកិច្ចចម្បងក្នុងការបង្កើតវិធីសាស្ត្រទាក់ទាញសមានចិត្ត ភាពច្នៃប្រតិដ្ឋ និង បត់បែន ដើម្បីអាចបំផុសយុវជនឱ្យចូលរួមក្នុងបុព្វហេតុជាតិ ដោយកាន់ដៃគ្នាដើរលើវិថីនៃសន្តិភាព ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន ក្នុងស្មារតីសាមគ្គីភាពរឹងមាំនៃមហាគ្រួសារយុវជនកម្ពុជា ព្រមទាំងកសាងសង្គមទំនើបមួយដ៏រឹងមាំ មានឯករាជ្យ សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ និងមានផលិតភាពការងារខ្ពស់ ដែលជាគន្លឹះក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ បន្តស្មារតី ឆន្ទៈ និង សកម្មភាពដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានប្រកបដោយឥទ្ធិពលជាវិជ្ជមាន ក្នុងការអប់រំផ្នត់គំនិត និងឥរិយាបថរបស់យុវជនយើង នៅគ្រប់មជ្ឈដ្ឋានឱ្យចូលរួមបន្តពូនជ្រំ និងកសាងប្រទេសជាតិ ស្រឡាញ់ទឹកដី និងមាតុភូមិ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ‐ដំណាក់កាលទី១ ដោយរួមបញ្ចូលនូវ «កម្មវិធីគោលនយោបាយ» និង «វិធានការគន្លឹះ» សំខាន់ៗ ដែលបានកំណត់ទិសដៅ និងជាអាទិភាព ក្នុងការដឹកនាំ សំដៅឈានឆ្ពោះទៅដល់ការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានរបស់ថ្នាក់ដឹកនាំ ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគ្រប់រូប ចាប់តាំងពីថ្នាក់កណ្ដាលរហូតដល់ថ្នាក់មូលដ្ឋាន ដែលបានចូលរួមអនុវត្តបានយ៉ាងពេញលេញប្រកបដោយប្រសិទ្ធភាពនូវ «ផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិឆ្នាំ ២០២៣-២០២៨» ដែលនេះពិតជាបាន ឆ្លុះបញ្ចាំងនូវស្មារតីសាមគ្គីឯកភាពគ្នាដ៏រឹងមាំ ប្រកបដោយភាតរភាព រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងមានការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការបន្តជ្រោងខ្ពស់ទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត