អភិបាលរាជធានីភ្នំពេញ ថ្លែងអណរគុណ ក្រុមការងារ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងពលតូចលេខ៧០ ក៏ដូចជាមន្ទីរសុខាភិបាលនិងអាជ្ញាធរដែនដីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញនារយៈពេល២០ថ្ងៃកន្លងមកនេះ។
ការថ្លែងអំណរគុណបែបនេះបានធ្វើឡើង នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីជួបជុំក្រុមការងារបាញ់ថ្នាំមូសក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កងពលតូចលេខ៧០ តែងជួយរដ្ឋបាលរាជធានីភ្នំពេញ គ្រប់កាលៈទេសៈទាំងអស់។ ជាក់ស្ដែងនៅពេលនេះ កងពលតូចលេខ៧០ បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំមូសបង្ការជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។
សកម្មភាពទាំងនេះ យើងក៏នឹកឃើញ មិនភ្លេចចំពោះការលះបង់របស់កងពលតូចលេខ៧០ ក្នុងដំណាក់កាល នៃការរីករាតត្បាតជម្ងឺកូវីដ-១៩ ដោយកម្លាំង កងពលតូចលេខ៧០ បានលះបង់កម្លាំងកាយចិត្ត ក្នុងការដឹកជញ្ជូនសម្ភារៈ គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ។
ជាមួយនឹងការបាញ់ថ្នាំបង្ការការពារជំងឺ covid-19 ថែមទៀត។
ជាក់ស្តែងនៅពេលនេះ ពោលគឺតបតាមការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បានប្រគល់ទាំងរថយន្ត កម្លាំងព្រមទាំង ម៉ាស៊ីនសម្រាប់បាញ់មូស ដើម្បីបើកយុទ្ធនាការបាញ់ថ្នាំមូសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរហូតទទួលបានបញ្ចប់ដោយជោគជ័យ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ក្រោយយុទ្ធនាការដែលប្រើប្រាស់រយៈពេល២០ថ្ងៃនៃការបាញ់ថ្នាំមូសនេះឃើញថា ជំងឺគ្រុនឈាម បានថយចុះច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការត្រេកអរនិងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អាជ្ញាធររាជធានីភ្នំពេញនិង
កងកម្លាំងកងពលតូចលេខ៧០ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្តដើម្បីសុខមាលភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
ចំពោះកងពលតូចលេខ៧០ ដែលចុះយុទ្ធនានៃការបាញ់ថ្នាំមូសនេះ ចំនួន២៨នាក់ ត្រូវបានឯកឧត្តម ឃួង ស្រេង នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មកប្រគល់ជូនដោយ ក្នុងម្នាក់ៗទទួលថវិកាចំនួន៤០ម៉ឺនរៀល។
គូរបញ្ជាក់ថា៖ ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកងពលតូចលេខ៧០ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ការពារជំងឺគ្រុនឈាមនៅទូទាំង១០៥សង្កាត់ កាលពីថ្ងៃ២៣កុម្ភៈ ហើយបានបញ្ចប់យុទ្ធនាការ កាលពីថ្ងៃទី១២ មីនា ២០២៤នេះ តាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋ ៕
ដោយ ៖ ហេង សម្បត្តិ