ការដ្ឋានពង្រីកសួនកម្សាន្ត និងរូបសំណាកសេះសមុទ្រ កំពុងពន្លឿនឱ្យរួចរាល់មុនចូលឆ្នាំថ្មី

កំពត៖ក្នុងគោលបំណងទាក់ទាញទេសចរផ្ទៃក្នុងក៏ដូច ជា ទេសចរបរទេស រដ្ឋបាលខេត្តកំពតកំពុងពង្រីកសួនកម្សាន្ត ចាប់ពី រូបសំណាកព្រះបាទអង្គឌួង រហូតដល់សួនត្រីផ្សោត និងសាងសង់រូបសំណាកសេះសមុទ្រនៅខាមុខសាលាខេត្តចាស់សម្រេចបានប្រមាណជិត ៥០ភាគរយហើយ។ការដ្ឋានទាំង នេះកំពុងពន្លឿនឱ្យបានបញ្ចប់មុនពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។

កន្លងទៅរដ្ឋបាលខេត្តបានរៀបចំកែលម្អសួនកម្សាន្តក្នុងក្រុងព្រមទាំងបង្កើតឱ្យមានឆ្នេរខ្សាច់កម្សាន្តជាច្រើនកន្លែងតាមបណ្តោយព្រែកកំពង់បាយទាំងត្រើយខាងកើតព្រែកនិងខាងលិចព្រែក ខណៈបច្ចុប្បន្នគម្រោងសាងសង់ពង្រីកសួនកម្សាន្ត ចាប់ពី រូប សំណាកព្រះបាទអង្គឌួងរហូតដល់សួនត្រីផ្សោត សម្រាប់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរលម្ហែ មើលថ្ងៃលិចឬដើរ ហាត់ប្រាណ។ បន្ថែមសោភណភាពទៀត រដ្ឋបាលខេត្តក៏បាន សាងសង់រូបសំណាកសេះសមុទ្របាញ់ទឹកអមដោយភ្លើងពណ៌នៅខាងមុខសាលាខេត្តចាស់។ទន្ទឹមនឹងការពង្រីកសួនកម្សាន្តនេះ រដ្ឋបាលខេត្តក៏បានពង្រីក ផ្លូវ ខាងត្បូងសាលាខេត្តរហូតដល់រូបសំណាក ត្រីផ្សោតឱ្យ មានភាពធំទូលាយជាងមុន។បង្ការការកកស្ទះ ចរាចរណ៍ បង្កភាពងាយស្រួលសម្រាប់ពលរដ្ឋនិងភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទៅកាន់ឆ្នេរកោះស្មៅ ក្នុងឱកាសនៃពិធីបុណ្យចូល ឆ្នាំថ្មីខាងមុខ។

ក្នុងដំណើរពិនិត្យការដ្ឋានកាលពីពេលថ្មីៗនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានថ្លែងថាបណ្ដាការដ្ឋានរៀបចំហេដ្ឋារចនា សម្ព័ន្ធ និងសមិទ្ធផលទាំងឡាយនេះគឺដើម្បីលើកកម្ពស់ មុខមាត់សោភណខេត្តផងនិងបង្កភាពងាយស្រួលសម្រាប់ពលរដ្ឋនិងភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផង។

ឯកឧត្តមបញ្ជាក់ថាបណ្ដាការដ្ឋានទាំងអស់នឹងបញ្ចប់ឱ្យបាននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាខែមេសាខាងមុខនេះ៕
ដោយ ៖សិលា សារិន

ads banner