កម្ពុជាគ្រោងស្នើចុះបញ្ជីការរៀប «អាពាហ៍ពិពាហ៍ខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី (Video Inside)
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គ្រោងនឹងដាក់ឯកសារស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ» ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាចុងខែមីនានេះ។
អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ីយ៉ុន សុភារិទ្ធ បានថ្លែងថា គោលបំណង នៃការស្នើចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺដើម្បីបង្ហាញពីអត្តសញ្ញាណ នៃប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ព្រមទាំងទទួលបានតម្លៃទាំងថ្នាក់ជាតិ និងអន្តរជាតិ។
លោកបានបញ្ជាក់ថា ការចុះបញ្ជីទៅក្នុងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជារឿងសំខាន់ ដើម្បីឱ្យអន្តរជាតិវាយតម្លៃ និងចាប់អារម្មណ៍ ចំពោះប្រពៃណី នៃអាពាហ៍ពិពាហ៍របស់ខ្មែរ ដូចជាប្រពៃណី «បង្វិលពពិល និងប្រពៃណីបាចផ្កាស្លាជាដើម»។
បច្ចុប្បន្នក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជាប្រយោជន៍ ក្នុងការរៀបចំឯកសារនេះរួចរាល់ហើយ ដោយគ្រោងនឹងស្នើចុះ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។