គជបណែនាំកិច្ចការ២ចំណុច ទាក់ទងការបោះឆ្នោតក្រុមប្រឹក្សា (Video Inside)

គជប បានចេញសេចក្តីណែនាំការបិទផ្សាយបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារសង្កេតការណ៍ ខណៈការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក នឹងមកដល់រយៈពេលជាង ៧០ថ្ងៃទៅមុខទៀតនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

សេចក្តីណែនាំរបស់គជប ថ្ងៃទី១៤មីនា បានណែនាំដល់ គធ.ខប និងគណបក្សនយោបាយ ដែលបានចុះបញ្ជី និងចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវអនុវត្តកិច្ចការ ២ចំណុច។ កិច្ចការទី១ គឺការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការ តាមមណ្ឌលបោះឆ្នោតនីមួយៗ និងចំណុចទី២ ការដាក់ និងទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។

គួរបញ្ជាក់ថារហូតមកទល់ពេលនេះ មានគណបក្សនយោបាយចំនួន៥ ដែលបានចុះបញ្ជីចូលរួមការប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ុនប៉ិច, គណបក្សកម្លាំងជាតិ និងគណបក្សខ្មែររួបរួមជាតិ។

ads banner