ដកតួនាទីមេបញ្ជាការរងស្រុកកងរាជអាវុធហត្ថ បីនាក់ ពីស្រុកស្វាយជ្រំ ដោយសារអំពើទារលុយ (Video Inside)

មេបញ្ជាការរងការរាជអាវុធហត្ថស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួន ៣នាក់ ដែលល្មើសបទវិន័យ ត្រូវដកហូតមុខតំណែង និងបន្ថយឋានន្ដរសក្ដិ មកត្រឹមជានាយទាហាន។

សេចក្តីសម្រេចរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសរសេរថា ការដកហូតមុខតំណែង របស់មេបញ្ជាការរងអាវុធហត្ថស្រុកស្វាយជ្រំទាំង ៣នាក់ ក្រោមហេតុផល «ទារលុយចំនួន ១ពាន់ ១០០ដុល្លារ ជាថ្នូរនឹងការដោះលែងជនសង្ស័យប្រើប្រាស់គ្រឿងញៀន»។

សេចក្តីសម្រេចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញអត្តសញ្ញាណអតីតមេបញ្ជាការរងទាំង បីនាក់ រួមមាន ឈ្មោះ ប៊ី រីណា, រិត សំអុន និងឈ្មោះ ប៉ិក វណ្ណារឿត ដែលត្រូវបានដកហូតមុខតំណែង ពីអនុសេនីយ៍ឯក មកនៅត្រឹមជានាយទាហាន និងផ្លាស់ប្តូរចេញពីខេត្តស្វាយរៀងថែមទៀត។

ឈ្មោះប៊ី រីណា ត្រូវបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី, ឈ្មោះ រិត សំអុន បញ្ជូនទៅខេត្តព្រះវិហារ និងឈ្មោះ ប៉ិក វណ្ណារឿត ត្រូវបញ្ជូនទៅខេត្តប៉ៃលិន។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា កងរាជអាវុធហត្ថគ្រប់រូប ត្រូវតែគោរពច្បាប់, គោរពវិន័យកងទ័ព និងក្រមសីលធម៌វិជ្ជាជីវៈ។ រាល់សកម្មភាពណាដែលបុគ្គលកងរាជអាវុធហត្ថបានប្រព្រឹត្ត ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ និងទណ្ឌកម្មវិន័យ។

ads banner