គម្រោងវិនិយោគថ្មីចំនួន ១៧៣ មានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ បានចុះបញ្ជី វិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៦ខែនេះ
(ភ្នំពេញ)៖ គម្រោងវិនិយោគថ្មីចំនួន១៧៣ មានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ បានចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ។ នេះជាការលើកឡើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។
ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងថ្មីរយៈពេល ៦ខែ មាន១៧៣គម្រោងមកចុះបញ្ជីវិនិយោគនៅកម្ពុជា និងមានទំហំទឹកប្រាក់ជាង ៤១៥០លានដុល្លារអាមេរិក។
សម្តេចធិបតី បានបញ្ជាក់ថា គម្រោងទាំង១៧៣នោះ ត្រូវបានចុះបញ្ជីនៅ CDC រួចរាល់ហើយ ថែមទាំងមានការជ្រើសរើសទីតាំងថែមទៀតផង ដែលត្រូវបានគេព្យាករថា គម្រោងទាំងនេះ នឹងផ្តល់ឱកាសការងារជាង១៧ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ។
សម្តេច ថា រាដ្ឋាភិបាលថ្មី ដើរទាក់ម៉ូយអ្នកវិនិយោគពីបរទេស មិនមែនដើរទាក់ខ្យល់នោះទេ ដោយពាក្យថា ដើរទាក់ម៉ូយ គឺដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាល កំពុងបន្តខិតខំប្រឹងប្រែងលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ សម្រាប់ធ្វើយ៉ាងណាជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ