សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអ្នកដែលថា សម្តេចទៅក្រៅប្រទេស ជួបវិស័យ ឯក ជន ច្រើន តែមិនមានអ្នកមកវិនិយោគនោះ សូមស្រាវជ្រាវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងយកព័ត៌មានឱ្យចំកន្លែង
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអ្នកដែលថា សម្តេចទៅក្រៅប្រទេស ជួបវិស័យឯកជនច្រើន តែមិនមានអ្នកមកវិនិយោគនោះ សូមស្រាវជ្រាវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងយកព័ត៌មានឱ្យចំកន្លែង ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ដោយឃើញថា មានការផ្សព្វផ្សាយមួយចំនួន ដោយកន្លែងខ្លះ ក៏មានការងឿងឆ្ងល់ កន្លែងខ្លះក៏មានចេញជាការចំអកឌឺដង ដែលសម្ដេចតែងតែប្រើពាក្យថា យើងដើរទាក់ម៉ូយ ក៏ដូចជាស្ថាប័នទាំងអស់ ដោយពាក្យនេះ ផ្ដោតទៅលើគោលដៅធំបំផុតនៅក្នុងការជំរុញសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ ។
សម្ដេចបានថ្លែងដោយទទួលស្គាល់ថា ស្ថានភាពសេដ្ឋកិច្ចរបស់យើង មិនមែនល្អឥតខ្ចោះនោះទេ។ ការបង្កើតការជួបប្រាស្រ័យទាក់ទងនៅក្នុងវិស័យឯកជនយើង មិនបញ្ជាក់ថា គ្រប់រូប គ្រប់ប្រទេស គ្រប់ក្រុមហ៊ុនវិនិយោគ ដែលយើងបានជួប គាត់នឹងមកដាក់ទុននោះទេ ហើយយើងក៏ទទួលស្គាល់ថា អ្នកដែលមកដាក់ទុន មិនអាចជប់ ១ថ្ងៃចេញនោះទេ មិនអាចថា ការចាប់អារម្មណ៍ ស្អែកឡើងនិងចេញរោងចក្រ ៣ពាន់លានដុល្លារ ផលិតកង់ឡាន ឬក៏ផលិតម៉ូតូ ឬរថយន្ដ នៅទីនេះនោះទេ។ ប៉ុន្តែអ្វីដែលសម្ដេចចង់បញ្ជាក់ គឺប្រហែលជាអាចមកពីការស្រាវជ្រាវព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ឬយកព័ត៌មានមិនចំកន្លែង ដែលអាចធ្វើឲ្យបងប្អូនមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាឃើញនាយករដ្ឋមន្ត្រី ទៅខាងក្រៅ ជួបតែវិស័យឯកជន ជួបក្រុមហ៊ុន ចូលរួមនៅក្នុងវេទិកាសាធារណៈ, សភាពាណិជ្ជកម្មរបស់យើង បានធ្វើកិច្ចការច្រើនទៅលើកិច្ចការងារនេះ ហេតុអីក៏ស្ងាត់ឈឹង ឃើញតែក្រុមហ៊ុន រោងចក្របិទទ្វារ ។
សម្ដេចបានបញ្ជាក់ថា នេះហើយជាបញ្ហាដែលចង់បញ្ជាក់អំពីវឌ្ឍនភាព ៦ខែនេះជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ពិតណាស់វិនិយោគដែលមក យើងមិនអាចយកឆៃយ៉ាំទៅទទួលនៅព្រលានយន្តហោះដូចកាលពីបើកព្រលានយន្តហោះនៅខេត្តសៀមរាប ដោយ ឯកឧត្តម វង្សី វិសុទ្ធ បានទៅទទួលនោះទេ។ យើងមិនអាចទៅទទួលគណៈប្រតិភូវិស័យឯកជនមកពីអឺរ៉ុប ទៅហែរក្បួនដូចកីឡាករបានមេដាយមាស មកពីក្រៅនោះទេ ។ អ៊ីចឹងអាចថា ព័ត៌មានខ្លះ បងប្អូនមិនបានដឹង អញ្ចឹងបានជាយើងចង់បានព័ត៌មានពិត ហើយនេះ គឺជាអ្វីដែលប្រជាពលរដ្ឋចង់បានដែរ ថា រាជរដ្ឋាភិបាលឃើញធ្វើការងារទាំងអស់នេះ បានលទ្ធផលអ្វី តើវាបានខ្យល់ ឬក៏បានអីមកជូន ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បើសិនជាយើងចង់បានព័ត៌មានទាក់ទងនឹងការវិនិយោគ យើងត្រូវតែឆែកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC ។ បើយើងចង់ដឹងព័ត៌មានពីទំហំពាណិជ្ជកម្ម យើងត្រូវឆែកមើលទិន្នន័យពីក្រសួងពាណិជ្ជកម្ម។ បើយើងចង់ដឹងថា ចំនួនភ្ញៀវទេសចរណ៍មកស្រុកខ្មែរប៉ុន្មាន ត្រូវតែឆែកទិន្នន័យពេលក្រសួងទេសចរណ៍ ។ យើងមិនអាចនៅ ២០០០គីឡូម៉ែត្រពីក្រៅប្រទេស ដូចជានៅអាមេរិក នៅបារាំង ហើយគ្រាន់តែមើលព័ត៌មានឃើញហេតុការណ៍មួយ ហើយបង្កើតបាននូវការសន្និដ្ឋាននោះទេ ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសុំឱ្យប្រជាពលរដ្ឋយើងមានការកក់ក្ដៅថា កម្ពុជា ក៏ជាគោលដៅ នៃការទាក់ទាញមួយដែរ មិនមែនអត់មានសោះនោះទេ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ