អ្នកនាំពាក្យ បំភ្លឺព័ត៌មានដែលផ្សាយដោយស្ថានីយវិទ្យុ អេ ប៊ី ស៊ី ថា មន្រ្តីក្រសួងអធិការកិច្ច ទាមទារប្រាក់ ៥០០០ដុល្លារ ពីមន្ទីរ សេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ខេត្ត កំពង់ធំ ជាថ្នូរនឹង ការមិន ត្រួតពិនិត្យឯកសារ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអធិការកិច្ច មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាអង្គភាពសារព័ត៌មាន ទាំងអស់ជ្រាបថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមរយៈការផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី (ABC) មានជនអនាមិកបានទូរសព្ទចូលកម្មវិធីផ្សាយផ្ទាល់ដោយផ្តល់ព័ត៌មានមិនពិត ចោទប្រកាន់មកលើមន្ត្រី ក្រសួងអធិការកិច្ច ថាបានទារប្រាក់ចំនួន ៥ ០០០$ (ប្រាំពាន់) ដុល្លារអាម៉េរិក ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។
អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ខាងលើ និងចាត់ទុកថា ការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាស់លាស់ មានចរិតមួលបង្កាច់ បង្អួចកិត្តិយសស្ថាប័នរដ្ឋ បំពុលបរិយាកាសសង្គម ញុះញង់ និងបំភ្លៃការពិតដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមបំភ្លឺជូនសាធារណជនជ្រាបដូចខាងក្រោម៖
១. យោងលិខិតបញ្ជាបេសកកម្ម និងផែនការប្រតិបត្តិការអធិការកិច្ច គណៈប្រតិភូចុះធ្វើអធិការកិច្ច ចាប់ផ្តើមអនុវត្តការងារពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើកម្មវត្ថុ ចំនួន ៣ គឺ៖ (ទី១) ការអនុវត្តតួនាទី ភារកិច្ច (ទី២) ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ និង (ទី៣) ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។ ដោយសាររយៈពេលនៃការចុះបេសកកម្មខាងលើមានកំណត់ ដូច្នេះ ការចុះធ្វើអធិការកិច្ចនេះមិនបានគ្របដណ្តប់លើគ្រប់មន្ទីរ-អង្គភាពទាំងអស់នៅជុំវិញខេត្តកំពង់ធំ នោះទេ។ ក្នុងនោះ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ពុំបានស្ថិតនៅក្នុងគោលដៅ នៃការចុះ ត្រួតពិនិត្យនាពេលនោះទេ។
២. ការលើកឡើងរបស់ជនអនាមិកដែលបានចោទប្រកាន់ថា ការទារប្រាក់នេះបានកើតឡើងនៅ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គឺពិតជាមិនត្រឹមត្រូវទេ ដោយគណៈប្រតិភូបានបញ្ចប់បេសកកម្ម របស់ខ្លួន និងបានវិលត្រលប់មកវិញរួចរាល់ហើយ។
សូមបញ្ជាក់ថា អ្នកនាំពាក្យក្រសួងអធិការកិច្ច បានទទួលព័ត៌មានថាវិទ្យុ អេ ប៊ី ស៊ី (ABC) បានកំពុង ព្យាយាមទាក់ទងទៅកាន់ជនអនាមិកខាងលើដើម្បីផ្តល់ការបញ្ជាក់បន្ថែមលើការអះអាងរបស់ខ្លួន ប៉ុន្តែជននេះមិន
បានផ្តល់ការបំភ្លឺបន្ថែមឡើងវិញនៅឡើយទេរហូតមកដល់ពេលនេះ។ ក្រសួងអធិការកិច្ច ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធសហការជួយដើម្បីស្វែងរកការពិត និងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់។ ក្រសួងអធិការកិច្ច បន្តពិនិត្យ និងតាមដានករណីចោទប្រកាន់ខាងលើយ៉ាងដិតដល់ជាទីខ្ញុំផុត រួមទាំងនឹង ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី ទង្វើដែលផ្ទុយនឹងបទប្បញ្ញត្តិច្បាប់។
ជាមួយគ្នានេះដែរ ក្រសួងអធិការកិច្ចសូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងមានប្រអប់សំបុត្រទទួលពាក្យ បណ្ដឹងពីគ្រប់មជ្ឈដ្ឋាន និងទទួលបណ្តឹងតាមប្រព័ន្ធអនឡាញលើគេហទំព័រ https://inspection.gov.kh/complaint ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាអង្គភាពសារព័ត៌មាន ជ្រាបជាព័ត៌មាន ៕
ដោយ ៖ គ្រី សម្បត្តិ