មន្ទីរពិសោធន៍ជាតិសំណង់ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចុះ MoU ដើម្បីបន្ត អភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសំណង់
(ភ្នំពេញ)៖ មន្ទីរពិសោធន៍ជាតិសំណង់ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជំរុញការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសំណង់ឱ្យកាន់តែប្រសើរឡើង។
ពិធីចុះអនុស្សរណៈនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងរៀបចំដែនដី ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ ព្រម និស្សិតនៃសាកលវិទ្យាល័យ។
តាមរយៈអនុស្សារណៈនេះ មន្ទីរពិសោធន៍ជាតិសំណង់ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នឹងទទួលបានអត្ថប្រយោជន៍រួមគ្នាលើចំណុចសំខាន់ៗដូចជា (១) ឱកាសសម្រាប់និស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិទទួលបានការចុះកម្មសិក្សា និងការបណ្ដុះបណ្ដាលផ្ទាល់នៅមន្ទីរពិសោធន៍ជាតិសំណង់ ព្រមទាំងការចូលរួមសិក្ខាសាលារៀបចំដោយក្រសួងរៀបចំដែនដី (២) កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ពាក់ព័ន្ធសម្ភារៈបរិក្ខារ និងផលិតផលសំណង់ (៣) អាហារូបករណ៍ ៣០% ចំនួន ២០ កន្លែង ជារៀងរាល់ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្ររងដល់ថ្នាក់បណ្ឌិតលើគ្រប់ជំនាញ ជូនក្រសួងរៀបចំដែនដី។
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរពិសោធន៍ជាតិសំណង់ ដែលបានឆ្លើយតបទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រសិទ្ធនាមថា ជាទ្រព្យសកម្មដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តម សាយ សំអាល់ បានលើកឡើងថាការចុះអនុស្សារណៈរវាងមន្ទីរពិសោធន៍ជាតិសំណង់ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិនាថ្ងៃនេះ នឹងរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពបន្ថែមទៀតសម្រាប់វិស័យសំណង់ ហើយសមិទ្ធផលនាថ្ងៃនេះក៏បានឆ្លុះបញ្ចាំងពីភាពជាដៃគូររវាងរដ្ឋ និងវិស័យឯកជន ក្នុងការចូលរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕
ដោយ / គ្រី សម្បត្តិ