ជប៉ុនពន្យារពេលបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា

តូក្យូ៖ ប្រតិបត្តិករជប៉ុននិយាយថា ការបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ក្នុងថ្ងៃសុក្រនេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ដើម្បីបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីកើតមានគ្រោះរញ្ជួយដី។

ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រនៃតំបន់ហ៊្វូគូស៊ីម៉ា ភាគឦសាន ជាផ្ទះរបស់រោងចក្រនុយក្លេអ៊ែរ ដែលរងការបំផ្លាញដោយរលកយក្សស៊ូណាមិកកាលពីឆ្នាំ២០១១ នៅម៉ោង ១២និង១៤នាទីព្រឹក ថ្ងៃទី១៥ ខែមីនានេះ។

អាជ្ញាធរនិយតកម្មនុយក្លេអ៊ែររបស់ប្រទេសជប៉ុន បានប្រកាសភ្លាមៗបន្ទាប់ពីគ្រោះរញ្ជួយដីនេះថា មិនមានភាពមិនប្រក្រតីណាមួយ កើតឡើងនៅរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi នោះទេ។ កន្លងមក ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ Tepco ធ្លាប់បាននិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការបង្ហូរទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រហ៊្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រសរុបចំនួន៤លើក រហូតដល់ខែមីនា ឆ្នាំ២០២៤។

រដ្ឋាភិបាលជប៉ុនបានអះអាងថា ទឹកទាំងនោះគឺបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មយ៉ាងត្រឹមត្រូវ ដើម្បីច្រោះសារធាតុវិទ្យុសកម្មចេញ ដោយពួកវានៅមានផ្ទុកកម្រិតវិទ្យុសកម្មតិចតួចប៉ុណ្ណោះ ដែលមិនបង្កគ្រោះថ្នាក់ឡើយ។ រីឯទីភ្នាក់ងារថាមពលអាតូមិក IAEA របស់អង្គការសហប្រជាជាតិ ក៏បានផ្តល់ការគាំទ្រដល់ផែនការរបស់ជប៉ុនផងដែរ។

ទោះបីជាយ៉ាងណា ភ្លាមៗក្រោយជប៉ុនចាប់ផ្តើមបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរចូលក្នុងផ្ទៃសមុទ្រ ចិនបានចេញរិះគន់ថា វាគឺជាទង្វើអត្មានិយម និងខ្វះការទទួលខុសត្រូវយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ចិនបានសម្រេចផ្អាកការនាំចូលគ្រឿងសមុទ្រជប៉ុនទាំងអស់ថែមទៀតផង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner