ខេត្តស្វាយរៀងប្រារព្ធទិវាវប្បធម៌

ស្វាយរៀង៖ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀងបានថ្លែងថាយើងទំាងអស់គ្នាត្រូវយល់ដឹង និងចងចាំថា វប្បធម៌ពុំមែនជារបស់អ្នកណាតែម្នាក់នោះទេ  ប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។ការថ្លែងលើកឡើងបែបនេះក្នុងឱកាសដែលលោកស្រីតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌”កាលពីព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៤។

ជាមួយគ្នានេះលោកស្រីអភិបាលរងខេត្តបានអំពាវនាវនូវចំណុចសំខាន់ៗចំនួន។ក្នុងនេះ មាន:ត្រូវចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិទាំង រូបី  និងអរូបី និងត្រូវធ្វើយ៉ាងណាអនុវត្តឱ្យ ទទួលបានជោគជ័យនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺអភិវឌ្ឍន៍ដើម្បីអភិរក្ស និងអភិរក្សដើម្បីអភិវឌ្ឍន៍។បង្កើនការយល់ដឹងកាន់តែច្បាស់ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ដែលប្រភពមិនចេះរីងស្ងួត។ខិតខំស្រាវជ្រាវ បណ្តុះបណ្តាល គ្រប់គ្រង និងលើកទឹកចិត្តដល់ក្រុមសិល្បៈមហាជននៅតាមបណ្តាមូលដ្ឋាន  ធ្វើយ៉ាងណាឲ្យពួកគេមានកម្រិតជំនាញច្បាស់លាស់ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជននិងបង្កើនប្រាក់ចំណូល។

លោកស្រីបន្តថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត    ត្រូវខិតខំបន្តតម្លើងស្នាដៃថ្មីៗបន្ថែមទៀត   និងរៀបចំបើកមហាស្រពសិល្បៈមហាជន ជាពិសេសមហោស្រពសិល្បៈយុវជនប្រចាំឆ្នាំដើម្បីធ្វើឲ្យយុវជនចូលរួមប្រឡងប្រជែង និងស្រលាញ់សិល្បៈវប្បធម៌ជាតិ។ត្រូវចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិទាំងអស់គ្នាព្រោះវាជាមរតកវប្បធម៌។ចូលរួមទប់ស្កាត់ការហូរចូល  នៃវប្បធម៌អវិជ្ជមានមកក្នុងសង្គមកម្ពុជា។

ក្នុងនាមឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ក្មួយៗទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងរួមគ្នាគោរពច្បាប់ចរាចរណ៍ ៕
ដោយៈនុត នាង

ads banner