ក្រុមកីឡារត់ប្រណាំង Raid Amazonesn លើកទី៤ ប្រារព្ធនៅខេត្តសៀមរាប

អត្ថបទដោយ៖
សុផាត ស៊ាន

សៀមរាប៖កាលពីរសៀលថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៤ ក្រុមកីឡារត់ប្រណាំង Raid Amazones លើកទី៤ មកពីបណ្តាប្រទេសនិយាយភាសារបារាំង ចំនួន២៧៦នាក់ បានជួបជុំគ្នានៅខេត្តសៀមរាប ។

លោក Debanne ប្រធាន ក្រុមហ៊ុនZBO បានលើកពីគោលបំណងនៃកីឡារត់ប្រណាំង ក្នុងការលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រីតាមរយៈកីឡា Raid Amazones និង ផ្តល់ឲ្យស្ត្រីពីមជ្ឈដ្ឋានចម្រុះនូវឱកាសមួយ ដើម្បីជម្រុញដែនកំណត់របស់ពួកគេនៅក្នុងទីតាំងកម្រ និង អសកម្មនៅទូទាំងពិភពលោក ។

អភិបាលរងខេត្ត លោក យុន លីនណេ បានសម្តែងនូវមនោសញ្ចេតនារីករាយ យ៉ាងក្រៃលែង ចំពោះការរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំង Raid Amazones លើកទី៤ ក្នុងខេត្តសៀមរាប ។ លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ ឧបសគ្គ (Raid Amazones) ដ៏មានប្រជាប្រិយភាព មួយរបស់ពិភពលោក ដែលបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០១ ក្នុងគោលដៅដើម្បីពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ក្នុងវិស័យកីឡា ដោយបានសង្កត់ធ្ងន់យ៉ាងខ្ជាប់ខ្ជួននូវភាពក្លាហាន ក្នុងការតស៊ូអត់ធ្មត់របស់អត្តពលិកនារី ។

លោកបានបន្តទៀតថា ក្នុងឆ្នាំ២០២៤នេះ គឺជាលើកទី៤នៃព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ ។កីឡា រត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Raid Amzones) ហើយក៏ជាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើ ដែលមានរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-២០ ខែមីនា ឆ្នាំនេះ ដោយមានការចូលរួម ពីកីឡាការិនីអន្តរជាតិ ២៧៦នាក់ ។ ព្រឹត្តិការណ៍នេះ គឺជាសកម្មភាពប្រកួតប្រជែងមួយតាមរយៈពាក្យស្លោកថា «ការរត់ឆ្លងកាត់ឧបសគ្គ »ដែលមានគោលដៅសំខាន់ គឺដើម្បីបង្ហាញពីភាពអំណត់អត់ធ្មត់ ការខិតខំប្រឹងប្រែង និងឆន្ទៈដ៏អស្ចារ្យរបស់ស្ត្រី។

លោកបន្តថា ការប្រកួតកីឡានេះ គឺជាសកម្មភាពដែលបានផ្សព្វផ្សាយ លើកកម្ពស់ និង គាំទ្រស្ត្រី ឲ្យពួកគាត់កាន់តែរឹងមាំ និងហ៊ានបញ្ចេញពីសមត្ថភាព ,ភាពក្លាហានដែលខ្លួនមានដូចជាបុរស។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏បានលើកស្ទួយ និងឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាពប្រកួតប្រជែងលើវិញ្ញាសាមួយចំនួនដូចជា ការសិក្សា ស្រាវជ្រាវមុននឹងចូលរួមប្រកួត ការអនុវត្តផ្ទាល់លើវិញ្ញាសាផ្សេងៗ ដំណើរស្វែងរកការពិតពីប្រវត្តិសាស្រ្តដែលបុព្វបុរសខ្មែរ បានបន្សល់ទុកដល់សព្វថ្ងៃ និងសកម្មភាពសប្បុរសធម៌នានា ។
លោក បន្តទៀតថា ព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ នេះ បានជួយផ្សព្វផ្សាយពីរូបភាពដ៏ស្រស់ត្រកាលនៃ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលមានភាពល្បីល្បាញនៃប្រាង្គប្រាសាទដ៏មហិមា ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏រុងរឿងជាច្រើនទៀតផង។ ព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Raid Amazones)នេះ កីឡា និង ការផ្សងព្រេងឆ្លងផុតព្រំដែនយេនឌ័រ ជាការបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍផ្ទាល់ខ្លួនឲ្យល្អប្រសើរ៕
ដោយ :ស៊ាន សុផាត

ads banner